កូរ៉េប្រកាសទទួលពលករកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នពលករខ្មែរជាង៥ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ននេះ ពលករកម្ពុជាចំនួនជាង៥ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយក្ដី តែប្រទេសនេះ នៅតែប្រកាសទទួលពលករកម្ពុជា ដើម្បីបំពេញការងារនៅតាមវិស័យនានាក្នុងប្រទេសកូរ៉េ។

 

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ទោះស្ថិតនៅក្នុងដំណាក់កាលពិបាកដោយសារតែកូវីដ១៩ ក្ដី តែប្រទេសកូរ៉េខាងត្បូងនៅតែព្រមទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសខ្លួនដែរ ព្រោះពលករកម្ពុជាមានសមត្ថភាពបំពេញការងារជាពិសេសនោះគឺភាពស្មោះត្រង់តែម្ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដោយសារតែកម្ពុជាកូរ៉េមានទំនាក់ទំនងល្អនឹងគ្នាកន្លងមកនោះ ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មក៏បានកើនឡើងជាបន្តបន្ទាប់ដែរ ជាក់ស្ដែងក្នុងឆ្នាំ ២០១៩កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ១៥០០លានដុល្លារអាមេរិក និងទុនវិនិយោគរបស់កូរ៉េនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៥ពាន់លានដុល្លារអាមេរិកគិតមកដលពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។

លោកបន្ថែមថា បច្ចុប្បន្ននេះកម្ពុជា និងកូរ៉េក៏កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាននៅពេលឆាប់ៗខាងមុខនេះដែរ។

លោកបានឱ្យដឹងទៀតថា “កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានកំណើនឡើងថែមទៀត ហើយវិនិយោគិនកូរ៉េ ក៏នឹងមកដល់កម្ពុចាបន្ថែមទៀត ដើម្បីស្វែងរកការវិនិយោគក្នុងវិស័យជាច្រើនដែលមានអាទិភាព”។

លោក Park Heung Kyeoung ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០១៩ ពលករកម្ពុជា មានចំនួនច្រើនជាងគេក្នុងចំណោមពលករបរទេសធ្វើការនៅប្រទេសកូរ៉េ ហើយមូលហេតុដែលកូរ៉េនៅតែទទួលយកពលករកម្ពុជាធ្វើការបន្ថែមទៀតនោះ គឺដោយសារតែនិយោជកនៅកូរ៉េមានការពេញចិត្តនិងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា ហើយពលករក៏មានភាពស្មោះត្រង់ នឹងការងារ និងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលនៃសាធារណរដ្ឋកូរ៉េយ៉ាងម៉ត់ចត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here