សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់ នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះនៅវិមានរដ្ឋសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់បញ្ហាប្រឈម និងហានិភ័យជាច្រើន ហើយគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងមកនេះក៏បានបង្កើនសំពាធ នៃតម្រូវការចំណាយ ថវិកាបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ខាងមុខ សម្រាប់ការស្តារនៃគោលដៅ រចនាសម្ព័ន្ធរូបវន្តផលិតកម្មកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបាន និងកំពុងទទួលរងនូវការខូចខាត។

ជាក់ស្តែងការទទួលរងពីជំងឺកូវីដ-១៩ បាន និងកំពុងនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់ មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើក លែងប្រទេស ណាមួយឡើយ។

ពិសេសបានធ្វើឱ្យមនុស្សរាប់រយលាននាក់បានបាត់បង់ការងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំនៅលើសកលលោកបានធ្លាក់ចូល ក្នុងភាពក្រីក្រវិញ។

កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្តថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់ នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តន៍កិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការគោរពសម្តេចប្រធានរដ្ឋសភា ព្រមទាំងអង្គរដ្ឋសភាទាំងមូល ដែលបានផ្តល់ សំឡេងគាំទ្រ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃនេះ។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងសមាជិកចូលរួមក្នុងសម័យប្រជុំបាន សម្តែងនូវការគំាទ្រសេចក្តីព្រាងច្បាប់នេះ ដោយបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមាន សារៈសំខាន់ណាស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សេចក្តីព្រាងច្បាប់នេះ រៀបចំ ឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅនឹងស្ថានភាព បច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១បានឱ្យដឹងថា ត្រូវបានគ្រោងចំណាយសរុបថវិការដ្ឋចំនួន ៣២.០០៩.៧៤២លានរៀល ត្រូវជា ២៧,១៤ភាគរយ នៃផ.ស.ស គឺមានការថយចុះ ៤,០ភាគរយ ធៀបនឹងឆ្នាំ២០២០។

ក្នុងនោះចំណាយចរន្តថវិកាជាតិគ្រោងចំនួន ១៨.៧៥១.០៤១លាន រៀលត្រូវជា១៥,៩០ភាគរយ នៃផ.ស.ស គឺថយចុះ ៥,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០។ ការចំណាយមូលធនថវិការដ្ឋគ្រោងចំនួន ១៣.២៥៨.៧០១លានរៀល ត្រូវជា ១១,២៤ភាគរយ នៃផ.ស.ស គឺថយចុះ ១,៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here