វៀតណាម ជំរុញការសិក្សាគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ-ហូជីមិញឱ្យចេញជារូបរាងនាពេលខាងមុខដ៏ខ្លី

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ វៀតណាម បាននិងកំពុងសិក្សាគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាងឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា “តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ”។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋមន្ត្រីបាន ក៏បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here