ហេតុអ្វី​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយនៅក្នុង​ប្រទេស​កម្ពុជា?

ដោយៈ សាវុធ

ភ្នំពេញៈ ការប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា បណ្តាលមកពី​កត្តា៤យ៉ាង គឺ​កត្តា​ប្រវត្តិសាស្ត្រ កត្តានយោបាយ កត្តាសេដ្ឋកិច្ច និង​កត្តា​សង្គម។ ក្នុងអំឡុង​របប​ខ្មែរក្រហម រូបិយវត្ថុ​ត្រូវបាន​លុបបំបាត់ចោល ពោលគឺ​គ្មាន​ទីផ្សារ គ្មាន​ពាណិជ្ជកម្ម និង​គ្មាន​សេរីភាព​គ្រប់យ៉ាង។

ក្រោយ​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ទទួលបាន​សន្តិភាព​មក​វិញ។ បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​សាជាថ្មី​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បោះផ្សាយ​ប្រាក់រៀល​ជាតិ​ឡើងវិញ​ផងដែរ​នៅ​ថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែ​ភាពជឿជាក់​និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន មកលើ​ប្រាក់រៀល​នៅមានកម្រិត និង​ផុយស្រួយ​នៅឡើយ ក្រោយពី​សង្គ្រាម​ទើបត្រូវ​បានបញ្ចប់ភ្លាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ដើម​ទស្សវត្សរ៍​ឆ្នាំ១៩៩០ អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC) បានមក​កាន់​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​ការបោះឆ្នោតជាតិ​ជា​លើកទីមួយ។ ក្នុងអំឡុង​ពេលនោះ ប្រាក់​ដុល្លារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​យកមកប្រើ​ប្រាស់ សម្រាប់​ការទូទាត់​ក្នុង​សេដ្ឋកិច្ចកម្ពុជា។ ប្រជាជន​កម្ពុជា​បានចាប់ផ្តើម​ស្គា​ល់ពី​តម្លៃ​របស់​ប្រាក់​ដុល្លារ ហើយ​បាន​ប្រើប្រាស់​កាន់តែច្រើនឡើងៗ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​ជំនួញ។

ដោយ​ការរក្សាបាន​នូវ​ស្ថិរភាព និង​ការបើកចំហ​នៃ​សេដ្ឋកិច្ច សកម្មភាព​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​បរទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច។ ជា​លទ្ធផល ប្រាក់​ដុល្លារ​ទទួលបាន​ការពេញនិយម​កាន់តែច្រើន និង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ស្ទើរ​គ្រប់​សកម្មភាព​ជំនួញ ជាពិសេស ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​ធំ និង​នៅតាម​ទីប្រជុំជន។

ទោះជា​យ៉ាងណាក៏ដោយ ផ្អែក​តាម​ការ​ស្ទាបស្ទង់​មតិ​មួយចំនួន​បាន​បង្ហាញថា ប្រាក់រៀល​ជាតិ ត្រូវបាន​ប្រើប្រាស់​យ៉ាងសកម្ម​នៅតាម​ទីជនបទ និង​ក្នុង​ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​តូច សម្រាប់​ជា​មធ្យោបាយ​ទូទាត់ សន្សំ និង​ផ្តល់ ឥណទាន។ គួរកត់សម្គាល់​ផងដែរ​ថា តម្រូវការ​ប្រាក់រៀល​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​ពីរ​ទស្ស​វត្សរ៍​ចុងក្រោយ​នេះ និង​កំពុង​បន្ត​កើនឡើង​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here