សម្តេចតេជោហ៊ុន សែនៈ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១ខណៈការនាំចេញកម្ពុជាកើនឡើងនៅឆ្នាំនេះ

      ដោយស៊ីវ ម៉េង

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ នៅឆ្នាំ២០២១ ខណៈមកដល់ពេលនេះការប្រមូលចំណូលពន្ធ សម្រេចបានទំហំទឹកប្រាក់៤៥០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីសម្តេចតេជោនាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ខាងមុខ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមា​នដោយសារវិបត្តិកូវិដ១៩។

សម្តេចតេជោបានបញ្ចាក់ថា “ទោះបីនៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាអវិ​ជ្ជ​មានដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជា បានកើនឡើងចំនួន១៨ភារគយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសម្រេច បានទំហំទឹកប្រាក់១១,៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្តេចបានបន្ថែមទៀតថា ខ្ញុំគិតថានៅឆ្នាំ២០២១ នឹងមានសន្ទុះឡើងវិញ។ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង៤៥០០លានដុល្លាររួចស្រេចទៅហើយ ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ២៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២ ១០០លានដុល្លារ”។ សម្តេចបន្ថែមថា “អីចឹងវាអាចទៅគៀកនឹង៥០០០លានដុល្លារនៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសន្សំបានយកទៅចំណាយក្នុងចំនួនតិចតួច ឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃប្រមាណ៣ពាន់លានដុល្លារ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមការយោគយល់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនអាចដំឡើ​ងប្រាក់បៀវត្សជូនបានទេ ដោយរក្សាទុកនូវអត្រាដដែលដូចឆ្នាំ២០២០ ប៉ុន្តែឆ្នាំ២០២១ រាជរដ្ឋាភិបាល ការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here