ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងគោលបំណងចូលរួមគាំទ្រ និងលើកកម្ពស់ការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព និងរ៉ឹងមាំ។
នៅក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយគណកម្មការមូលបត្រកម្ពុជា នៅទីស្ដីការសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា ក្រោមវត្តមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់ “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម នៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតនូវកិច្ចសហការលើកកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដល់សហគ្រាសពាណិជ្ជកម្ម ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ ក៏ដូចជា លើកកម្ពស់ការវិនិយោគក្នុងវិស័យមូលបត្រ តាមរយៈការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជនដែលជាវិនិយោគិនក្នុងស្រុកផងដែរ។
តាមរយៈការចុះអនុស្សារណៈនេះ សរបញ្ជាក់ឱ្យឃើញថា មានសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាជាច្រើន មានការចាប់អារម្មណ៍លើទីផ្សារមូលបត្រកម្ពុជា តាមរយៈការត្រៀមខ្លួនចុះបញ្ជីប្រមូលទុនពីទីផ្សារ និងការជួញដូរនៅលើទីផ្សារ ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាជាច្រើន មានការចាប់អារម្មណ៍លើទីផ្សារមូលបត្រកម្ពុជា តាមរយៈការត្រៀមខ្លួនតាមរយៈការចុះបញ្ជីប្រមូលទុនពីទីផ្សារ និងការជួញដូរនៅលើទីផ្សារ ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា មកលើទីផ្សារមូលបត្រកម្ពុជាផងដែរ៕