កម្ពុជា-វៀតណាម នឹងជំរុញពាណិជ្ជកម្មនិងវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កម្ពុជា និងវៀតណាម នឹងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរបន្ថែម ដោយថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។

ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here