ភ្នំពេញៈ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្តីពី ការអភិវឌ្ឍកម្មវិធីទូរស័ព្ទបាគង សម្រាប់ទេសចរ (Bakong Tourists App) ជាមួយក្រុមធុរជន ក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការ ដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគង សម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍ នៅកម្ពុជា តាមរយៈការជួយសម្រួល ឱ្យភ្ញៀវអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។
លោកជំទាវទេសាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃ កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថា នឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិ មកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។

លោកជំទាវបន្ថែមថា កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិ មួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍ នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។
អង្គប្រជុំបានសាទរ និងកោតសសើរ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសហការ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍ កម្មវិធីនេះ សំដៅឈាន ទៅសម្រេចបានរួចរាល់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗ៕







