តើ​ស្ត្រី​ចិត្ត​ដែក​មេដឹកនាំ​កោះ​តៃវ៉ាន់ ដែល​គឃ្លើន​ជាមួយ​មហា​យក្ស​ចិន​ជា​អ្នកណា?

ដោយៈ​សាវុធ

អន្តរជាតិៈ ជាមួយនឹង​ជ័យជម្នះ​ភ្លូក​ទឹក ភ្លូក​ដី​នៃ​ការបោះឆ្នោត​ដើម្បី​ឈាន​មកកាន់​អំណាច​នៅ​អាណត្តិ​ទី២របស់​ដែនដី​កោះ​តៃវ៉ាន់ ដែល​ចិន​តែងតែ​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន លោកស្រី​ត្សៃ អ៊ឹង​វិ​ន​មេដឹកនាំ​តៃវ៉ាន់​មាន​ភាព​លេចធ្លោ​ខ្លាំង ដោយសារ​តែមាន​ទំនាក់ទំនង​ជាមួយ​អាមេរិក​យ៉ាង​ជិត​ស្និ​ទ្ឋ និង​តែងតែ​បង្ហាញ​មហិច្ឆតា​ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ចិន។

ជា​អ្នកនយោបាយ​ឆ្នើម​មួយរូប លោកស្រី Tsai Ing-wen (កើត​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ១៩៥៦) គឺជា​អ្នកនយោបាយ និង​ជា​អ្នកសិក្សា​នៅ​តៃវ៉ាន់ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ទី៧ នៃ​សាធារណរដ្ឋ​ចិន(តៃវ៉ាន់) ចាប់តាំងពី​ឆ្នាំ២០១។ ជា​សមាជិក​ម្នាក់​នៃ​គណបក្ស Democratic Progressive Party  (DPP) លោកស្រី Tsai គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​របស់​តៃវ៉ាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​ធ្លាប់​ធ្វើជា​ប្រធាន​គណបក្ស DPP ពីមុន​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១២ និង​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ២០២០ ។

លោកស្រី Tsai បាន​សិក្សា​ផ្នែក​ច្បាប់ និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក្រោយមក​បានក្លាយ​ជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Soochow University និង​សាកលវិទ្យាល័យ​ជាតិ Chengchi បន្ទាប់ពី​ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់ (LLB) ពី​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ និង​អនុបណ្ឌិត​ច្បាប់ (LLM) មកពី​សាលា​ច្បាប់ Cornell ។

លោកស្រី​បាន​សិក្សា​ផ្នែក​ច្បាប់​នៅ​សាលា​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ទីក្រុង​ឡុង ហើយ​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត។

នៅ​ឆ្នាំ១៩៩៣ ក្នុងនាម​ជា​អ្នក​ឯករាជ្យ (ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស) លោកស្រី​ត្រូវបានតែងតាំង ក្នុង​តំណែង​ជាច្រើន​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ រួមមាន​អ្នកចរចា​ពាណិជ្ជកម្ម សម្រាប់​កិច្ចការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម។

បន្ទាប់ពី​ប្រធាន​បក្ស DPP ដែល​លោក Chen Shui-bian  បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០០០ លោកស្រី​Tsai បាន​បម្រើការ​ជា​រដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​ពេញ​មួយ​អាណត្តិ​ដំបូង​របស់លោក​Chen ក្នុងនាម​ជា​អ្នក​មិន​ប្រកាន់បក្ស​ពួកនិយម។

លោកស្រី​បាន​ចូលរួម​ជាមួយ​បក្ស DPP ក្នុង​ឆ្នាំ២០០៤ ហើយ​បាន​បម្រើការ​ជា​សមាជិក ដែល​ត្រូវបានតែងតាំង​ដោយ​បក្ស DPP ។ ចាប់តាំងពី​ពល​បំរើការ​ងារ​នៅ​ទីនោះ លោកស្រី​ត្រូវបានតែងតាំង​ជា​អនុ​ប្រធានាធិបតី ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​Su Tseng-chang ។

លោកស្រី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស និង​ទទួល​តំណែង​ជា​មេដឹកនាំ​គណបក្ស DPP ក្នុង​ឆ្នាំ២០០៨ បន្ទាប់ពី​គណបក្ស​របស់លោក​ស្រី បាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០០៨ ។ លោកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន បន្ទាប់ពី​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២ ។

លោកស្រី Tsai បាន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង New Taipei ក្នុងការ​បោះឆ្នោត សាលាក្រុង​ខែវិច្ឆិកា​ឆ្នាំ២០១០ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្រោម​អតីត​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ទៀត​គឺ​លោក Eric Chu (KMT) ។

នៅ​ខែមេសា​ឆ្នាំ ២០១១ លោកស្រី Tsai បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់ នៃ​គណបក្ស​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​សាធារណរដ្ឋ​ចិន បន្ទាប់ពី​បាន​ផ្តួល​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របស់លោក​ស្រី គឺ​លោកស្រី Su Tseng-chang ។

លោកស្រី​ធ្លាប់បាន​ចាញ់​បេក្ខជន​គួ​បក្ខ​ដិ​បក្ស ជាតិនិយម​ចិន លោក​Ma Ying-jeou  ក្នុង​ង​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់​លើក​ទី៥ ក្នុង​ឆ្នាំ២០១២ ប៉ុន្តែ​ត្រូវបាន​ជាប់​បោះឆ្នោត យ៉ាង​ភ្លូកទឹកភ្លូកដី៤ឆ្នាំ​ក្រោយមក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ផ្ទាល់​លើក​ទី៦ ក្នុង​ឆ្នាំ២០១៦ ។

លោកស្រី​គឺជា​ប្រធានាធិបតី​ដំបូង ដែល​មិន​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​ជាប់ឆ្នោត​មុនពេល​ធ្វើជា​ប្រធានាធិបតី និង​ជា​ប្រធានាធិបតី​ដំបូង ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស ដោយ​គ្មាន​ការ​កាន់តំណែង​ជា​អភិបាលក្រុង​តៃប៉ិ។

លោកស្រី Tsai បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត ជាមួយនឹង​ការកើនឡើង​នូវ​សំឡេងឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ។

កាលពីថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ចិន​បានប្រកាសថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​Lockheed Martin ក្រុមហ៊ុន​Boeing Defense ក្រុមហ៊ុន Raytheon ព្រមទាំង​បុគ្គល ឬ​ក្រុមហ៊ុន​អាមេរិក​ណាមួយ ដែល​ទាក់ទង​ទៅនឹង​ផែនការ​ផ្គត់ផ្គង់​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​កោះ​តៃវ៉ាន់។

ក្រុមហ៊ុន​ទាំង៣នេះ បាន​ចូលរួម​ក្នុង​ការលក់​មី​ស៊ី​ល រត់​ចម្ងាយ​ឆ្ងាយ​ចំនួន១៣៥ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ចំនួន១២ និង​ប្រព័ន្ធ​ចាប់​សញ្ញា​ឃ្លាំមើល​មួយចំនួន ទៅឱ្យ​កោះ​តៃវ៉ាន់ ដែល​ឧបករណ៍​ទាំងនេះ​មានតម្លៃ​សរុប១,៨ ពាន់​លាន​ដុល្លារ។

ចិន​បានទាមទារ​ឱ្យ​អាមេរិក​បញ្ឈប់​ការលក់​នេះ ហើយ​បានប្រកាស​ការដាក់ទណ្ឌកម្ម ក្រោយ​ក្រសួងការបរទេស​អាមេរិក​បានអនុញ្ញាត​ឱ្យ​ការលក់ និង​ផ្គត់ផ្គង់​អាវុធ​នេះ​ដំណើរការ​ទៅមុខ។

សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ភាគច្រើន គឺ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ក្នុងការ​ផ្ដល់ឱ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ការពារ​ខ្លួន។

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈពេល​ទីក្រុង​ប៉េកាំង បាន​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​របស់ខ្លួន ជាមួយនឹង​សកម្មភាព​របស់​រដ្ឋបាល​លោក Trump ក្នុងការ​បង្កើន​ចំណងទាក់ទង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​ជាពិសេស​ក្រោយពី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី​Tsai Ingwen បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០១៦ ដោយ​លោកស្រី​មាន​គោលនយោបាយ ធ្វើឱ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យភាព និង​មិន​ទទួលយក​គោលការណ៍​ចិន​តែ១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here