សំណងធានារ៉ាប់រងឥណទាននៅធនាគារថៃ ហក់ឡើងខ្ពស់

ដោយ៖ សាវុធ

អន្តរជាតិ៖ ការទាមទារសំណងធានារ៉ាប់រងឥណទាននៅធនាគារ Exim Bank របស់ថៃ បានកើនឡើងដល់ ៧៥% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅក្នុងត្រីមាសទី៣ ខណៈវិបត្តិជំងឺរាតត្បាត បានធ្វើឱ្យអតិថិជននៅបរទេសពន្យាពេលការទូទាត់ថ្លៃទិញធានារ៉ាប់រង។

លោក Pisit Serewiwattana ប្រធានធនាគារ Exim Bank បាននិយាយថា ចំនួនទឹកប្រាក់នៃការទាមទារធានារ៉ាប់រងឥណទានសម្រាប់អតិថិជនបរទេស បានកើនឡើងដល់ ២០០លានបាតក្នុងត្រីមាសទី៣។ លោក Pisit បាននិយាយថា ប្រតិបត្តិករភាគច្រើន ដែលទទួលបានសំណងធានារ៉ាប់រងឥណទាន គឺសហគ្រាសទំហំមធ្យម និងសហគ្រាសធំៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា សហគ្រាសធុនតូចភាគច្រើន មិនបានទិញការធានារ៉ាប់រងឥណទានទេ ពីព្រោះពួកគេគិតថា វាជាការចំណាយដែលមិនចាំបាច់។ ជាលទ្ធផល សហគ្រាសខ្នាតតូចមួយចំនួនត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការទូទាត់យឺត។

ធនាគារ Exim បាននិងកំពុងជួយដល់ប្រតិបត្តិករអាជីវកម្ម ដែលកំពុងរងផលប៉ះពាល់ពីជំងឺរាតត្បាត។ ឧទាហរណ៍ ធនាគារបានផ្តល់កម្មវិធីផ្អាកបំណុលរហូតដល់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ ហើយបានពន្យារពេលសងបំណុលសម្រាប់អាជីវកម្ម ដែលមិនអាចទ្រទ្រង់បន្ទុកបំណុលរបស់ពួកគេ។ រយៈពេលពន្យាពេលអតិបរមាគឺពីរឆ្នាំ។

លោក Pisit មានប្រសាសន៍ថា អតិថិជនរបស់ធនាគារ Exim Bank ដែលកំពុងជាប់គាំងបំណុល មានប្រហែល ១០% នៃអតិថិជនរបស់ខ្លួន ដែលមានបំណុលគិតជាទឹកប្រាក់ ៥០ពាន់លានបាត។

លោក Pisit បានឱ្យដឹងទៀតថា ប្រហែលជា ៥ ភាគរយនៃកូនបំណុលទាំងនេះត្រូវបានរំពឹងថា នឹងមិនអាចបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនបានទេ។

អនុបាតប្រាក់កម្ចីមិនដំណើរការរបស់ធនាគារនេះ មានប្រហែល ៥% នៃប្រាក់កម្ចី មិនទាន់សងសរុបមានតម្លៃ ១៣០ពាន់លានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here