កម្ពុជាខាតបង់ប្រាក់ជាង៩០លានដុល្លារទៅលើការជួសជុលផ្លូវពីគ្រោះទឹកជំនន់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ គ្រោះទឹកជំនន់កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ បានបង្កឱ្យកម្ពុជាខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលក្នុងនោះមានផ្លូវចំនួន៦៧០ខ្សែ នៅខេត្តចំនួន៩។

ការខូចខាតនេះគិតជាទឹកប្រាក់សម្រាប់ការជួសជុល និងស្ថាបនាផ្លូវទាំងនោះឡើងវិញប្រមាណ៩១លានដុល្លារអាមេរិក។ នេះយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

របាយការណ៍បានឱ្យដឹងថា “គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្សែផ្លូវដែលរងផលប៉ះពាល់ចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ជាង៥.៣៨៩គីឡូម៉ែត្រ ក្នុងនោះផ្លូវរងការខូចខាតប្រវែង ៣.១៥៤គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន ២២៩កន្លែង ដោយប៉ាន់ស្មានថវិកាអស់ចំនួន ៣៦៦.៤៥៨.៦៩០.៧០០រៀល ស្មើនឹង ៩១.៦១៤.៦៧៣ដុល្លារអាមេរិក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលនេះ បានបង្ហាញផងដែរថា ខេត្តចំនួនដែលរងផលប៉ះពាល់ពីទឹកជំនន់បណ្ដាលឱ្យខូចខាតផ្លូវច្រើនមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តបាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំ និងខេត្តឧត្តរមានជ័យ ហើយខេត្តដែលប៉ះពាល់ធ្ងន់ជាងគេគឺខេត្តបន្ទាយមានជ័យ មានផ្លូវខូចរហូតដល់៦០២គីឡូម៉ែត្រ។

លោកចាន់ ដារ៉ុនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រុមការងារជំនាញបានចុះទៅពិនិត្យការខូចខាតក្រោយទឹកស្រកទៅវិញ ហើយក៏ចាប់ផ្ដើមអនុវត្តន៍ការងារភ្លាមៗ ដោយមិនបាច់ឡើងមករៀបចំឯកសារឬប្រជុំអ្វីនោះទេ។ ធ្វើបែបនេះ ដើម្បីឱ្យពលរដ្ឋមានផ្លូវស្រួលធ្វើដំណើរឡើងវិញ ដោយក្រុមការងារចាប់ផ្ដើមធ្វើទៅលើផ្លូវណាខូចខាតធ្ងន់ជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here