ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទាន៣៣៧លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ៣៣៧លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអាទិភាពជាច្រើន ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

គម្រោងផ្តល់ហិរញ្ញប្បទានរបស់ជប៉ុនសម្រាប់ឆ្នាំ២០២០នេះ ត្រូវបានលើកឡើង ក្នុងជំពិភាក្សារវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក SUGANO Yuichi ក្នុងឱកាស ដែលលោកបានបញ្ចប់បេសកកម្មការងារជាប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនថ្មីប្រចាំនៅកម្ពុជា។

លោក SUGANO Yuichi បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានវឌ្ឍភាពក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោក SUGANO Yuichi បានថ្លែងថា “រដ្ឋាភិបាលជប៉ុន បានផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យសុខាភិបាល តាមរយៈការផ្តល់សម្ភារៈបរិក្ខារពេទ្យ និងហិរញ្ញប្បទាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា”។
លោក បានឱ្យដឹងទៀតថា ជាក់ស្តែង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២៥.០០០ លានយ័ន (ប្រមាណ ២៣៤, ៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្តកម្មវិធីគាំទ្របន្ទាន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោកស្រី KAMEI Haruko បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍ដ៏ម៉ត់ចត់។

ជាការឆ្លើយតប លោក ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា សម្រាប់គាំទ្រកម្ពុជាស្ទើរគ្រប់វិស័យ និងបានវាយតម្លៃខ្ពស់ចំពោះ ការរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សម្ភារៈ បរិក្ខារពេទ្យ និងហិរញ្ញប្បទាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។

ចាប់ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ ២០១៩ រដ្ឋាភិបាលជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៣.៦២៨ លានដុល្លារអាមេរិក ស្មើនឹង ១៣,៣% នៃហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here