សមាគមគ្រឿងអលង្ការស្នើសុំមេNBC ឲ្យសមាជិកបង្កើតគណនីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាផ្លូវការ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) ដឹកនាំដោយលោកជំទាវញ៉ែត ស្រីអូន ដែលជាប្រធានសមាគមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី១១ កក្កដាកន្លងមកនេះ លោកជំទាវ ប្រធានសមាគម បានជម្រាបជូនលោកជំទាវទេសាភិបាលពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគម ដែលមានសមាជិកសរុបជាង៩០០នាក់ ព្រមទាំងបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីនានាដើម្បីអាចឱ្យសមាជិកសមាគមបង្កើតគណនីសហគ្រាសជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការបានដោយរលូនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបញ្ជាក់ថាគិតមកទល់ពេលនេះ សមាជិកសមាគមភាគច្រើន នៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់ការទូទាត់នៅឡើយ

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានជម្រាបជូនគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្ត របស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀត លើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាង កាន់តែរឹងមាំ និងតម្លាភាព ក្នុងប្រតិបត្តិការទិញលក់គ្រឿងអលង្ការឬត្បូងមានតម្លៃ។

លោកជំទាវបន្ថែមថាការជំរុញឱ្យសហគ្រាសខ្នាតមីក្រូតូចនិងមធ្យមអាចបើកគណនីក្នុងនាមសហគ្រាសនឹងជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើងស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការកៀងគរអាជីវកម្មក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស។

លោកជំទាវបណ្ឌិតបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងយកសំណើរនេះ ទៅពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here