ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារស្តុកប្រេងឆៅស្តុក និងប្រេងសាំងបានធ្លាក់ចុះ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងនៅសហរដ្ឋអាមេរិកបានបង្កើនផលិតកម្ម ដែលជាសញ្ញាបង្ហាញពីកំណើនតម្រូវការថាមពលកាន់តែរឹងមាំ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៥សេនដល់៨៥,៤៣ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៣៦សេនដល់៨២,៤៧ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ទីផ្សារកំពុងផ្តោតការយកចិត្តទុកដាក់លើទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិកដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងរបាយការណ៍សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រស្អែក ខណៈតួលេខនាពេលថ្មីៗកន្លងមកនេះបានបង្ហាញថា អត្រាអតិផរណាបាននិងកំពុងធ្លាក់ចុះ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៩៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះ ដើម្បីជួយបើកឱកាសឱ្យធនាគារកណ្តាលអាមេរិកសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ១,០៤ភាគរយ គិតត្រឹមម៉ោង១០:២៨នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៤៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៩៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៧៨ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៨៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨១ភាគរយ៕