ក្រុមហ៊ុនថ្មីចំនួន៦ ត្រៀមនឹងចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជានៅឆ្នាំក្រោយ

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត ដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ អាចមាន៣ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និង៣ផ្សេងទៀត បោះផ្សាយលក់សញ្ញាបណ្ណ (មូលបត្របំណុល) ត្រៀមនឹងចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជានៅឆ្នាំក្រោយ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា យ៉ាងហោចណាស់មានក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅឆ្នាំ២០២១ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់យ៉ាងដូច្នេះថា “យើងរំពឹងថានៅឆ្នាំ២០២១ វិបត្តិកូវីដ១៩ អាចដោះស្រាយបានធូរ ឧទាហរណ៍វ៉ាក់សាំងជំងឺនេះ ត្រូវបានប្រើប្រាស់ទូលំទូលាយ យើងរំពឹងថា យើងនឹងមានលទ្ធផលប្រសើរជាងឆ្នាំ២០២០នេះ។

លោក បានបន្តទៀតថា “២០២១ ក្រុមហ៊ុនដែលអាចបញ្ជីជាភាគហ៊ុនបាន រំពឹងថាអាចនឹងបាន៣ទៀត និងក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណ (មូលបត្របំណុល) ប្រហែលជាអាច៣ក្រុមហ៊ុនទៀត សរុបចំនួន៦ក្រុមហ៊ុន ដែលលើសពីឆ្នាំ២០២០នេះ ដែលមានចំនួន៥ក្រុមហ៊ុន”។

ចាប់ផ្តើមដំណើរការចាប់ឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងនោះមានក្រុមហ៊ុនចំនួន ៧ ចុះបញ្ជីបោះលក់ភាគហ៊ុន និងចំនួន៦ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ (មូលបត្របំណុល)។ គិតមកត្រឹមខែតុលា ឆ្នាំ២០២០ ផ្សារមូលបត្រកម្ពុជា មានវិនិយោគិន (អ្នកចុះឈ្មោះបើកគណនីដើម្បីជួញដូរភាគហ៊ុន) ប្រមាណ២.៦ម៉ឺននាក់។

ទំហំជួញដូរក្នុងផ្សារហ៊ុន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានកើនឡើងគួរឲ្យកត់សម្គាល់ ដែលឆ្នាំ២០១៨ ទំហំជួញដូរមានត្រឹមតែជាង២ម៉ឺនដុល្លារ ដល់ឆ្នាំ២០១៩ កើនឡើងជាង១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តែក្នុងឆ្នាំ២០២០នេះ ដោយសារវិបត្តិកូវីដ១៩ ធ្លាក់ចុះបន្តិចត្រឹមតែជាង១៣ម៉ឺនដុល្លារក្នុង១ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here