ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះតិចតួចនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីខ្យល់ព្យុះសង្ឃរាដែលបានវាយប្រហារមកលើមជ្ឈមណ្ឌលផលិតប្រេងដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងរដ្ឋតិចសាស់ បណ្តាលឱ្យមានការខូចខាតតិចជាងការរំពឹងទុក។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនដល់៨៥,៧១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0113 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៥សេនដល់៨២,២៨ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមនឹងនោះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) គ្រោងនឹងបង្ហាញវត្តមាននៅចំពោះមុខសភាអាមេរិកនៅថ្ងៃអង្គារនេះ និងនៅថ្ងៃពុធស្អែក ខណៈការធ្លាក់ចុះនៃទីផ្សារការងារ បានបង្កើនឱកាសនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់ត្រឹម១០៥,០៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។
ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នឹងផ្តល់អនុសាសន៍ប្រកបដោយភាពវិជ្ជមានចំពោះការបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,០៧ភាគរយគិតត្រឹមម៉ោង១០:៣២នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៤៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៤២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០១៩ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៧៥ភាគរយ៕