តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃច័ន្ទម្សិលមិញ ស្របពេលដែលក្រុមអ្នកវិនិយោគកំពុងសម្រុកលក់មាសចេញ ដើម្បីស្វែងរកផលចំណេញត្រឡប់មកវិញពីការវិនិយោគ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២២%ដល់២៣៦៣,៨៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៣%ដល់២៣៧១,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) គ្រោងនឹងបង្ហាញវត្តមាននៅចំពោះមុខសភាអាមេរិកនៅថ្ងៃអង្គារនេះ និងនៅថ្ងៃពុធស្អែក ខណៈការធ្លាក់ចុះនៃទីផ្សារការងារ បានបង្កើនឱកាសនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់ត្រឹម១០៥,០៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,០១%ដល់៣១,២២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៦១%ដល់១០១៩,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៨%ដល់១០១៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៩នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here