តើទ្រព្យសកម្មណាខ្លះដែលផ្តល់ផលចំណេញខ្ពស់បំផុតពីការ វិនិយោគនៅក្នុងឆមាសទី១?

ដោយ: គង់ លាងហួរ

អន្តរជាតិ: Bitcoin គឺជាទ្រព្យសកម្មវិនិយោគ ដែលទទួលបានផលចំណេញច្រើនជាងគេបំផុត ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះតម្លៃ Bitcoin សកលបានកើនឡើង៤៨% តាមពីក្រោយដោយមាស និងភាគហ៊ុន។

Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់ពិភពលោក បានបិទការជួញដូរ ក្នុងតម្លៃ៦២.៦៧៨ដុល្លារអាមេរិកក្នុងមួយកាក់ កាលពីថ្ងៃទី៣០ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងខែមករា។ ការណ៍នេះ បានជំរុញឱ្យតម្លៃហក់ឡើង ដល់កម្រិតខ្ពស់បំផុតប្រមាណ៧៣.៧៥០ដុល្លារ ក្នុងមួយកាក់ នៅពាក់កណ្តាលខែមីនា។ប៉ុន្តែតម្លៃ Bitcoin បានធ្លាក់ចុះវិញនៅត្រីមាសទី២ ដោយសារអ្នកវិនិយោគបានសម្រុកលក់យកប្រាក់ចំណេញ។

បើក្រឡេកមកមើលប្រទេសវៀតណាម តម្លៃចិញ្ចៀនមាបានកើនឡើង២០% ដោយបិទការជួញដូរនៅថ្ងៃទី៣០ ខែមិថុនា ក្នុងតម្លៃ៧៥,៥៥លានដុង (ប្រហែល២៩៧២,៥៤ដុល្លារ)ក្នុងមួយតម្លឹង (tael)

តម្លៃគ្រឿងអលង្ការ ដែលធ្វើឡើងអំពីមាស បានបន្តកើនឡើង បើទោះបីជាតម្លៃដុំមាស (Bullion)បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែឧសភា និងខែមិថុនាយ៉ាងណាក្តី ខណៈធនាគារកណ្តាលវៀតណាម បានធ្វើអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃមាសក្នុងស្រុកមានស្ថិរភាព។

លោក Nguyen An Huy ទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុនប្រឹក្សាវិនិយោគ FIDT បានលើកឡើងថា តម្លៃចិញ្ចៀនមាសនៅវៀតណាម តែងតែប្រែប្រួល ទៅតាមការវិវឌ្ឍន៍ជាសកល ខណៈតម្លៃមាស spot gold នៅទូទាំងពិភពលោក បានហក់ឡើងថ្លៃ១៣% ក្នុងរយៈពេលប្រាំមួយខែដំបូងដើមឆ្នាំនេះ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនវៀតណាម VN-Index បានហក់ឡើងថ្លៃ១០ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបិទការជួញដូរ កាលពីខែមិថុនាក្នុងកម្រិត១.២៨០ពិន្ទុ។

កាលពីពាក់កណ្តាលខែមិថុនា សន្ទស្សន៍នេះបានហក់ឡើងថ្លៃលើសពី១.៣០០ពិន្ទុ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ។

លោក Nguyen Hoang Giang ប្រធានក្រុមហ៊ុនឈ្មួញជើងសាDNSE បានលើកឡើងថា ភាគហ៊ុនគឺជាទ្រព្យសកម្មវិនិយោគដ៏ល្អ នាពេលអនាគតដ៏ខ្លី ដោយសារសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងលើសពីការព្យាករណ៍ ក្នុងរង្វង់៦,៤២% នៅក្នុងឆមាសទី១ ហើយអតិរេកពាណិជ្ជកម្ម សម្រេចបានទំហំទឹកប្រាក់ជាង១១,៦ពាន់លានដុល្លារ៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here