ដោយ: គង់ លាងហួរ
អន្តរជាតិ: អនុបាតប្រាក់កម្ចីមិនដំណើរការ (NPL) របស់បណ្តាធនាគារហ្វីលីពីន បានកើនឡើងខ្ពស់នៅក្នុងខែឧសភា ដោយសារការដំឡើងអត្រាការប្រាក់ និងការដាំក្បាលចុះនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក ដែលបានបង្កការលំបាកដល់កូនបំណុល។
ធនាគារកណ្តាលហ្វីលីពីនបានរាយការណ៍ថា អនុបាតប្រាក់កម្ចីមិនដំណើរការនៅក្នុងវិស័យធនាគារទាំងមូល បានកើនឡើងដល់៣,៥៧ភាគរយនៅខែឧសភា ឆ្នាំ២០២៤ បើធៀបនឹងអត្រា៣,៤៥ភាគរយនៅខែមេសា។
លោក Michael Ricafort ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនសាជីវកម្មធនាគារពាណិជ្ជ Rizal បានវាយតម្លៃថា ការកើនឡើងនៃចំនួនប្រាក់កម្ចីមិនដំណើរការ (NPLs) បណ្តាលមកពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលហ្វីលីពីន។
លោក Ricafort បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីនថា “ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់បានបង្កើនការចំណាយលើការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅហ្វីលីពីន”។
ម្យា៉ងទៀត រូបិយប័ណ្ណប្រាក់ប៉េសូរបស់ហ្វីលីពីនក៏បានធ្លាក់ថ្លៃចុះ ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។ ការណ៍នេះបានធ្វើឱ្យកូនបំណុល ដែលទទួលបានប្រាក់កម្ចីជាប្រាក់ដុល្លារអាមេរិកពិបាកទូទាត់សងត្រឡប់ទៅកាន់ធនាគារវិញ។
លើសពីនេះ លោក Ricafort បានចង្អុលបង្ហាញថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកក៏ជាកត្តារួមចំណែកក្នុងការធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជនហ្វីលីពីនម្នាក់ៗមានការធ្លាក់ចុះផងដែរ។
លោកបន្តថា “ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ កត្តានេះក៏បានបង្កឱ្យមានការថយចុះនៃការវិនិយោគសកល ពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មផ្សេងទៀត ដែលនាំឱ្យប្រាក់ចំណេញឧស្សាហកម្មសកលមួយចំនួនថយចុះ”។
លោកបន្ថែមថា “បញ្ហាទាំងនេះបានជះផលប៉ះពាល់អវិជ្ជមានដោយប្រយោលលើអាជីវកម្មក្នុងស្រុក ជាពិសេសខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលរួមចំណែកបង្កើនចំនួនប្រាក់កម្ចីមិនដំណើរការនាពេលថ្មីៗនេះនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន” ៕ប្រភព:Bilyonaryo៕