ប្រទេសថៃប្រឈមការថយចុះសមត្ថភាពប្រកួតប្រជែងលើការនាំចេញអង្ករនៅត្រីមាសទី៣

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបាននាំចេញអង្ករ ចំនួន៥លានតោនទៅកាន់ទីផ្សារបរទេស ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ។

ប៉ុន្តែនៅត្រីមាសទី៣នេះ ការនាំចេញហាក់បង្ហាញសញ្ញាធ្លាក់ចុះ ព្រោះអង្ករថៃ មានតម្លៃខ្ពស់ជាងគូប្រជែង គួបផ្សំនឹងការពន្យារពេលបញ្ជាទិញ ខណៈអង្ករវៀតណាម ឥណ្ឌា និងប៉ាគីស្ថានកំពុងវាយលុកចូលទីផ្សារ។

យ៉ាងណាមិញ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមា គមអ្នកនាំចេញអង្ករថៃបានព្យាករណ៍ថា ការនាំចេញអង្កររបស់ប្រទេសថៃ នឹងសម្រេចបានលើសពីគោលដៅ ប្រចាំឆ្នាំចំនួន៧,៥លានតោន ដោយអាចកើនឡើងដល់៨លានតោន នៅឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន The Nation

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានលើកឡើងថា ថៃបាននាំចេញអង្ករប្រហែល៥លានតោន ក្នុងឆមាសទី១ ឆ្នាំ២០២៤ ដោយសារតម្រូវការអង្ករ នៅលើពិភពលោកកើនឡើងខ្ពស់ ខណៈបណ្តាប្រទេសជាច្រើន កំពុងបង្កើនការទិញអង្ករស្តុកទុក ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខស្បៀង។

លោក Chookiat  បានមានប្រសាសន៍ឱ្យដឹងបន្តថា ការដាំក្បាលចុះនៃតម្លៃប្រាក់បាត មកនៅជួញដូរចន្លោះពី៣៦បាតទៅ៣៧បាតក្នុងមួយដុល្លារ ក៏បានជួយកែលម្អការប្រកួតប្រជែងតម្លៃផងដែរខណៈឥណ្ឌានៅតែបន្តដាក់បម្រាមហាមឃាត់់លើការនាំចេញអង្កររបស់ខ្លួនទៅក្រៅប្រទេស។

កាលពីពេលថ្មីៗនេះ ប្រទេសថៃទទួលបានការបញ្ជាទិញអង្ករយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជំរុញឱ្យតម្លៃអង្ករក្នុងស្រុក និងតម្លៃនាំចេញហក់ឡើងខ្ពស់។ តួយ៉ាង ប្រភេទអង្ករសរបស់ថៃ ដែលត្រូវបាននាំចេញច្រើនជាងគេ មានតម្លៃជាមធ្យម៦៤៩ដុល្លារក្នុងមួយតោននៅខែឧសភា និង៦៣០ដុល្លារក្នុងមួយតោននៅមិថុនា។

ចំណែកប្រទេសវៀតណាម ដែលដៃគូប្រជែងដ៏មានសក្តានុពលរបស់ថៃ បាននាំចេញអង្ករចំនួន៤,៦៨លានតោន ក្នុង     រយៈពេលប្រាំមួយខែដំបូងដើមឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

នៅឆមាសទីឆ្នាំនេះ ឥណ្ឌូនេស៊ីគឺជាប្រទេសនាំចូលអង្ករកំពូលទី១សម្រាប់ប្រទេសថៃ ដោយបាននាំចូលអង្ករក្នុងទំហំប្រមាណ១លានតោន។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានប្រកាសពីផែនការនាំចូលអង្ករចំនួន៣,៦លានតោនក្នុងឆ្នាំ២០២៤នេះ ជាពិសេសពីប្រទេសវៀតណាម និងថៃ ព្រមទាំងប៉ាគីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ៕ប្រភព: The Nation

LEAVE A REPLY

Please enter your comment!
Please enter your name here