ក្រសួងចំនួនពីរពិភាក្សាលើផែនការចំណាយ និងចំណូលសម្រាប់ឆ្នាំ២០២៥

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច បានបើកកិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេសលើគម្រោងផែនការចំណូលចំណាយថវិកាឆ្នាំ២០២៥។

កិច្ចប្រជុំកាលពីថ្ងៃទី៣ កក្កដា ត្រូវបានដឹកនាំដោយលោកកែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានប្រតិភូតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ឈុន ដាលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេសលើគម្រោងផែនការចំណូលចំណាយថវិកាឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា លើគម្រោងផែនការចំណូលចំណាយថវិកាសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាព នៃការគ្រប់គ្រងការប្រមូលចំណូល ការសម្របសម្រួលចំណាយ និងការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព។

ប្រធានប្រតិភូតំណាង ក្រុមការងារបច្ចេកទេសថវិកានៃក្រសួងទាំងពីរ បានលើកឡើងថា៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ថវិកាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រុមការងារបានគិតគូរយ៉ាងហ្មត់ចត់ និងច្បាស់លាស់អំពីការជ្រើសរើសសកម្មភាពអាទិភាព ដាក់បញ្ចូលក្នុងទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយបានរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំ(BSP) គម្រោងផែនការថវិកា(BP) និងកិច្ចការពាក់ព័ន្ធនឹងថវិកា ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ សារាចរណែនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាមូលដ្ឋានដាក់បញ្ចូលក្នុងកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេសថវិកា សម្រាប់ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here