តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ  ខណៈពេលដែលអ្នកវិនិយោគបង្ហាញការព្រួយបារម្ភអំពីបញ្ហាផ្គត់ផ្គង់ ដែលរាលដាលពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានផលិតកម្មប្រេង ដោយសារបម្រែបម្រួលអាកាសធាតុ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែសីហា បានកើនឡើង១៥សេន ដល់៨៦,៥៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0020 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresបានកើនឡើង២៤សេនដល់៨១,៩៨ដុល្លារក្នុងមួយបារ៉ែល។

យោងតាមការិយាល័យជំរឿនរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការបញ្ជាទិញសម្ភារៈប្រើប្រាស់ក្នុងវិស័យផលិតកម្ម ដោយមិនរាប់បញ្ចូលយន្តហោះ បានធ្លាក់ចុះ០,៦ភាគរយ កាលពីខែឧសភា ដែលនេះជាសញ្ញាបង្ហាញថា សន្ទុះសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះផងដែរ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៦,០១ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានព្យាករណ៍ថា អត្រាអតិផរណានឹងធ្លាក់ចុះ ដែលការណ៍នេះនឹងអនុញ្ញាតឱ្យធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,២៣ភាគរយគិតត្រឹមម៉ោង១០:២៧នាទីព្រឹក។

ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,២៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៦៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៩៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here