អ្នកជំនាញ៖ បង់ក្លាដែស គួរចូលរួមជាមួយអាស៊ាន ដើម្បីទាញយកប្រយោជន៍ពីពាណិជ្ជសេរីក្នុងតំបន់

ដោយ៖ វុធ្ធី
អន្តរជាតិ៖ ក្រុមសេដ្ឋវិទូ និងអ្នកដឹកនាំអាជីវកម្ម បានលើកឡើងថា បង់ក្លាដែសគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអាស៊ាន ដើម្បីជំរុញការនាំចេញទៅកាន់តំបន់អាស៊ាន និងសម្រួលបទប្បញ្ញត្តិ ដើម្បីទាក់ទាញការវិនិយោគបរទេស។

ក្រុមសេដ្ឋវិទូ ក៏បានផ្តល់អនុសាសន៍ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មការនាំចេញ និងការធ្វើទីផ្សាររបស់ពួកគេនៅក្រៅប្រទេស ព្រោះប្រទេសនេះ នឹងប្រឈមការប្រកួតប្រជែងខ្លាំង បន្ទាប់ពីប្រទេសនេះក្លាយប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ នៅពេលទីផ្សារអឺរ៉ុប នឹងដកហូតសម្បទានពន្ធរបស់ខ្លួនចេញពីប្រទេសនេះ។

ការសង្កេតឃើញបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី “ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម របស់ប្រទេសបង់ក្លាដែស ជាមួយបណ្តាប្រទេសអាស៊ាន” ដែលមានសេដ្ឋវិទូ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំប្រទេសអាស៊ាន និងមេដឹកនាំអាជីវកម្មបានចូលរួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងបទបង្ហាញមួយ សាស្ត្រាចារ្យសេដ្ឋកិច្ច លោកបណ្ឌិត Selim Raihan បាននិយាយថា នៅក្នុងឆ្នាំ ២០១៩ ប្រទេសបង់ក្លាដែស បាននាំចូលគិតជាទឹកប្រាក់ប្រមាណ ៩ពាន់លានដុល្លារពីអាស៊ាន ហើយទទួលបានប្រាក់ចំណូលពីនាំចេញត្រឹមតែ ៨៤៦លានដុល្លារពីអាស៊ាន។

លោក បន្តថា ប្រទេសបង់ក្លាដែស អាចទទួលបានផលចំណេញច្រើន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងទីផ្សារអាស៊ាន។
លោកសាស្ត្រាចារ្យ Raihan បានបន្តទៀតថា ការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបង្កើតឡើងដោយប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍ និងរួមជាមួយកូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ មានន័យថា ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ នឹងត្រូវបានជំរុញយ៉ាងខ្លាំងនៅក្នុងតំបន់។
លោក បានថ្លែងបន្តថា ដោយសារប្រទេសបង់ក្លាដែស មិនមែនជាផ្នែកនៃប្លុកពាណិជ្ជកម្មសេរី វាគឺជាហានិភ័យនៃការកាត់បន្ថយការនាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន ខណៈដែលប្រទេសអ្នកមានក្នុងប្លុកនេះ នឹងវិនិយោគនៅក្នុងបណ្តាប្រទេសក្នុងតំបន់នេះ។
លោក បានឱ្យដឹងទៀតថា “ដូច្នេះប្រទេសបង់ក្លាដែស ចាំបាច់ត្រូវតែមានសកម្មភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអាស៊ាន ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើង សម្រួលដល់បទប្បញ្ញត្តិវិនិយោគ និងលុបបំបាត់ការិយាធិបតេយ្យចេញ”។
លោកស្រី បណ្ឌិត Rubana Huq ប្រធានសមាគមនាំចេញ និងរោងចក្របង់ក្លាដែស (BGMEA) បាននិយាយថានៅឆ្នាំ ២០៣០ អាស៊ានក្នុងនាមជាតំបន់ពាណិជ្ជកម្មមួយ នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបួននៅលើពិភពលោក ហើយដើម្បីចូលរួមក្នុងទីផ្សារនេះ បង់ក្លាដែស គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន៕ The Daily Star

LEAVE A REPLY

Please enter your comment!
Please enter your name here