ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងលក់ប្រេងឥន្ធនៈគិតជាប្រាក់ដុល្លារជាមួយសហរដ្ឋអាមេរិក ដែលបានអស់សុពលភាពនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧៤ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់ពិភពលោក។
តាមៈរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំង២ បានបង្កើតគណៈកម្មការរួមគ្នាមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងតម្រូវការយោធារបស់អារ៉ាប៊ីសាអូឌីត។ កាលនោះ ក្រុមមន្ត្រីអាមេរិកបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងលើកទឹកចិត្តអារ៉ាប៊ីសាអូឌីតឱ្យផលិតប្រេងកាន់តែច្រើន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់អាមេរិកជាមួយបណ្តាប្រទេសអារ៉ាប់។
តាមរយៈការសម្រេចចិត្តមិនបន្តកិច្ចសន្យានេះ អារ៉ាប៊ីសាអូឌីតអាចលក់ប្រេង និងទំនិញផ្សេងទៀត ដោយប្រើរូបិយប័ណ្ណផ្សេងៗគ្នា ដូចជា ប្រាក់យ័ន ប្រាក់អឺរ៉ូ ប្រាក់យ៉េន លើកលែងតែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រុមមន្ដ្រីអារ៉ាប៊ីសាអូឌីតក៏បានពិភាក្សាអំពីការប្រើប្រាស់រូបិយប័ណ្ណឌីជីថលដូចជា Bitcoin សម្រាប់ប្រតិបត្តិការទូទាត់ផងដែរ។
ការសម្រេចចិត្តនេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់ចេញពីប្រព័ន្ធ petrodollar ដែលសំដៅលើទីផ្សារប្រេង ដែលប្រើប្រាស់លុយដុល្លារជាគោល។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២ ដែលនៅពេលនោះ សហរដ្ឋអាមេរិកបានសម្រេចកាត់ផ្តាច់ការផ្សារភ្ជាប់រូបិយប័ណ្ណរបស់ខ្លួនដោយផ្ទាល់ទៅនឹងមាស។
ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងពន្លឿននិន្នាការសកលនៃការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិកនៅក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះ អារ៉ាប៊ីសាអូឌីតបានចូលរួមក្នុងគំនិតផ្តួចផ្តើម Project mBridge នៅក្នុងគោលបំណងបង្កើតរូបិយប័ណ្ណឌីជីថលរួមគ្នាមួយ ក្នុងចំណោមបណ្តាធនាគារកណ្តាល និងធនាគារពាណិជ្ជនានា។
រូបិយប័ណ្ណនេះត្រូវបានបង្កើតឡើងដោយផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចែកចាយ ឬហៅកាត់ថា(DLT) ដើម្បីបើកដំណើរការការទូទាត់ឆ្លងប្រទេសភ្លាមៗ និងប្រតិបត្តិការប្តូរប្រាក់បរទេស។ គម្រោងនេះមានសមាជិកសង្កេតការណ៍ជាង២៦ស្ថាប័ន រួមទាំងធនាគារកណ្ដាលអាហ្វ្រិកខាងត្បូង ដែលបានចូលជាសមាជិកក្នុងខែមិថុនានេះ៕ប្រភព:India Today៕