ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ថៃធំជាងគេ Star Aire គ្រោងពង្រីកការវិនិយោគមកកាន់កម្ពុជា

ដោយ៖ ម៉ាណេត
បាងកក៖ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ថៃធំជាងគេ Star Aire គ្រោងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីអនុព័ន្ធពាណិជ្ជកម្ម លោក ហេង សុវណ្ណារិទ្ធ បានស្នើក្រុមហ៊ុនថៃ PPJ. Engineering Co., Ltd. ដែលមានឯកទេសផលិតម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ និងថាមពលអគ្គិសនីពីប្រព័ន្ធសូឡា ពង្រីកការវិនិយោគទៅកាន់ប្រទេសកម្ពុជា។

ការស្នើឱ្យមានការពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានេះ គឺដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ជាពិសេសការរីកចម្រើននៃវិស័យសំណង់។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញផ្សាយកាលពីម្សិលមិញ។

លោកអនុព័ន្ធពាណិជ្ជកម្ម ដែលតំណាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកសំណើនេះឡើង កំឡុងពេលធ្វើទស្សនកិច្ចក្រុមហ៊ុនខាងលើ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះ លោក សុវណ្ណារិទ្ធ បានជម្រាបលោក ស៊ុមគាត លឹមចាំរុនថន (Somkiat Limchamrunthon) នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច គោលនយោបាយវិនិយោគកម្ពុជា យុទ្ធសាស្ត្រថៃបូក១ និងអត្ថប្រយោជន៍តំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនបរទេស។

ជាការឆ្លើយតប លោក ស៊ុមគាត លឹមចាំរុនថន បានថ្លែងអំណរគុណ លោកអនុព័ន្ធពាណិជ្ជកម្ម ដែលបានចែករំលែកព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ប្រធានក្រុមហ៊ុនរូបនេះ បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទៅកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here