តម្លៃប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីមានភាពធន់ជាងគេ ក្នុងចំណោមរូបិយប័ណ្ណក្នុងតំបន់ចំនួន១០

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃរូបិយប័ណ្ណរីងហ្គីត របស់ប្រទេសម៉ាឡេស៊ី មានភាពធន់បំផុត ក្នុងចំណោមរូបិយប័ណ្ណក្នុងតំបន់ចំនួន១០ បើធៀបនឹងប្រាក់ដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤នេះ។

ភាពធន់នៃរូបិយប័ណ្ណក្នុងស្រុក របស់ប្រទេសម៉ាឡេស៊ី ត្រូវបានជំរុញ ដោយគោលនយោបាយរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងការជំរុញលំហូរចូល ទៅក្នុងទីផ្សារប្តូរប្រាក់បរទេស (Forex) ក្នុងរយៈពេល៣ខែកន្លងមកនេះ។

ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី(MoF) បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំនេះ រូបិយប័ណ្ណក្នុងស្រុករបស់ខ្លួន បានងើបឡើងថ្លៃ២,០ភាគរយ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈប្រាក់ដុល្លារសិង្ហបុរី បានធ្លាក់ថ្លៃចុះ០,២ភាគរយ ប្រាក់យ័នរបស់ចិន បានធ្លាក់ថ្លៃចុះ០,៤ភាគរយ ប្រាក់រូពីរបស់ឥណ្ឌាបានធ្លាក់ថ្លៃចុះ០,៧ភាគរយ និងប្រាក់បាតរបស់ថៃបានធ្លាក់ថ្លៃចុះ១,០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ផ្លូវការថា ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង ប្រាក់ដុល្លារតៃវ៉ាន់ ប្រាក់រូពៀរបស់ឥណ្ឌូនេស៊ី ប្រាក់ប៉េសូរបស់ហ្វីលីពីន និងប្រាក់យ៉េនរបស់ជប៉ុន សុទ្ធតែបានធ្លាក់ថ្លៃចុះចន្លោះពី១,៩ ទៅ៣,៤ភាគរយក្នុង  រយៈពេលដូចគ្នានេះ។

ប្រភពខាងលើបញ្ជាក់ថា វិធានការ ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានអនុវត្តន៍ ដើម្បីការពារស្ថិរភាព នៃតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន រួមមាន ការលើកទឹកចិត្តដល់ក្រុមហ៊ុនរដ្ឋ ឱ្យនាំយកប្រាក់ចំណូលពីការវិនិយោគ នៅបរទេសត្រឡប់មកក្នុងស្រុក និងការបង្កើនអន្តរកម្មជាមួយក្រុមហ៊ុននាំចេញ ដើម្បីបំប្លែងប្រាក់ចំណូល ដែលទទួលបាន ទៅជាប្រាក់រីងហ្គីត។

កិច្ចខិតខំប្រឹងប្រែងផ្សេងទៀត រួមមាន ការត្រួតពិនិត្យលើការបំប្លែងរូបិយប័ណ្ណនៃប្រាក់ចំណូល ដែលបានមកពីការនាំចេញ និងការនាំចូល ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងការបន្តធ្វើកំណែទម្រង់សារពើពន្ធប្រកបដោយភាពជោគជ័យ។

ម្យ៉ាងទៀត ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍បរទេស ក៏បានជួយជំរុញតម្រូវការ ក្នុងការចាយវាយប្រាក់រីងហ្គីតផងដែរ ដែលការណ៍នេះ បានចូលរួមចំណែកដល់ការពង្រឹង តម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ម៉ាឡេស៊ី៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here