លោកជំទាវ ជា សិរី៖ បច្ចេកវិទ្យា blockchain កំពុងធ្វើឱ្យរូបិយប័ណ្ណឌីជីថលទទួលបានជំនឿទុកចិត្តខ្លាំង

ដោយ៖ ម៉ណេត
ភ្នំពេញ៖លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើង រូបិយប័ណ្ណឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យា blockchain កំពុងកសាងជំនឿទុកចិត្តកាន់តែខ្លាំង។

លោកជំទាវ ជា សិរី បានលើកឡើងបែបនេះ ក្នុងអំឡុងពេលចូលរួមវេទិកាគោលនយោបាយ Blockchain ពិភពលោក ប្រចាំឆ្នាំ២០២០ ដែលរៀបចំដោយអង្គការដើម្បីអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច តាមប្រព័ន្ធអនឡាញកាលពីថ្មីៗនេះ។

ក្នុងឱកាសនោះ លោកជំទាវ ឧបការីទេសាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទ ស្ដីពី “រូបិយប័ណ្ណក្នុងសតវត្សរ៍ទី២១៖ តើរូបិយប័ណ្ណឌីជីថល និង Global stablecoins មានតួនាទីដូចម្ដេច?” ដែលក្នុងនោះ លោកជំទាវបានលើកឡើងថា “ធនាគារកណ្ដាលជាច្រើននិយាយអំពីរូបិយប័ណ្ណឌីជីថលប្រើប្រាស់បច្ចេកវិទ្យា blockchain ដែលបច្ចេកវិទ្យានេះ កំពុងកសាងជំនឿទុកចិត្តកាន់តែខ្លាំង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “យើងអាចនឹងរំភើបរំជើបរំជួលនឹងបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់អំពីចំណុចខ្វះខាតមួយចំនួនផងដែរ ពីព្រោះថា ប្រសិនបើសាធារណជនខ្វះទំនុកចិត្តលើគ្រឹះស្ថានរបស់យើង រូបិយប័ណ្ណដែលមានលក្ខណៈស្មុគស្មាញបែបនេះ នឹងមិននាំឱ្យសាធារណជនមានជំនឿទុកចិត្តឡើងវិញភ្លាមៗនោះទេ ជាពិសេសនៅពេលដែលមិនទាន់មានស្ថាប័នណាផ្សេងទៀតធ្លាប់បង្កើតបាននូវបច្ចេកវិទ្យាថ្មីនេះពីមុនមក”។

លោកជំទាវ ក៏បានបន្ថែមទៀតថា “ការកសាងទំនុកចិត្តរបស់សាធារណជន ចាំបាច់ត្រូវការពេលវេលាយូរ ហើយធនាគារកណ្តាល ចាំបាច់ត្រូវមានកំណត់ត្រាបង្ហាញពីការរក្សាបាននូវមូលដ្ឋានគ្រឹះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដូចជា អតិផរណាទាប និងស្ថិរភាពអត្រាប្តូរប្រាក់ ជាដើម។ ដូច្នេះ ការកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន គឺជាផ្នែកមួយនៃដំណើរការកសាងជំនឿទុកចិត្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here