ក្រសួងសេដ្ឋកិច្ចដាក់ឱ្យអនុវត្តគម្រោង FMISទៅកាន់ការដ្ឋានបន្ថែមថ្មី និងប្រើប្រាស់សមិទ្ធផលថ្មីៗជាផ្លូវការ

ដោយៈ និស្ស័យ

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តន៍ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទៅកាន់ការដ្ឋានបន្ថែមថ្មី និងប្រើប្រាស់សមិទ្ធផលថ្មីៗជាផ្លូវការ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតីក្នុងពិធីនេះ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

មកដល់បច្ចុប្បន្ននេះ​ FMIS (Financial Management Information System) ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ រតនាគាររាជធានី-ខេត្តទាំង២៥ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន៤៤ ដែលសរុបមានចំនួន២១៣ ការដ្ឋាន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ​ ការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅគ្រប់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន១,៨៧០ ការដ្ឋាន ។

ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តីនៃ​កម្ពុជា ដែលជាអគ្គមគ្គុទេសក៍វៃក្មេងដ៏ឆ្នើម​ បានដាក់ចេ​ញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយបន្ថែម បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថី្ម សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

រហូតមកទល់ពេលនេះ តាមរយៈវិសាលភាពនៃការប្រើប្រាស់ FMIS, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងថវិកាបានយល់​ដឹង ចូលរួមចំណែក និងទទួលយកនូវការងារតាមរបៀបថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្ទើរតែទូទាំងប្រទេស។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិស នីតិវិធីអនុវត្តការងារតាម FMIS បាន និងកំពុងបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីប្រសិទ្ធភាពដ៏ធំធេង ក្នុងការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ចូលរួមចំណែកជួយគាំទ្រ ដល់ការឈានទៅសម្រេចបាន តាមចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ក៏ដូចជាប្រើប្រាស់សមិទ្ធផលថ្មីៗ ដូចជា ទី១-ការដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មីចំនួន៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយប្រើប្រាស់នីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ។

២ -ប្រកាសដាក់ឱ្យអនុវត្តគម្រោងFMIS នៅអង្គភាពថវិកាអា​ណា​​ប័កផ្ទេរសិទ្ធិពេញលេញ ថ្នាក់កណ្តាលចំនួន៤៤ នៃក្រសួង-ស្ថាប័នចំនួន ១០ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អាជ្ញាធរសវនកម្មជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយប្រើប្រាស់នីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ។

៣-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធី ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, អាជ្ញាធរសវនកម្មជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងយុត្តិធម៌ ។

៤-ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុខងារតាមដានប្រតិបត្តិការ និងស្ថានភាពអនុម័តប្រតិបត្តិការ (FMIS Transaction Monitoring) នៅគ្រប់ការដ្ឋាន FMIS ទាំងអស់ និងមុខងារតាមដាន និងត្រួតពិនិត្យការអនុវត្តថវិកា (FMIS Performance Monitoring) នៅការដ្ឋាន FMIS ដែលអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here