ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ បានកើនដល់ចំនួន៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)គិតត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយសមាគមធនាគារនៅកម្ពុជា។
យោងតាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា គិតត្រឹមឆ្នាំ២០២៣ ឥណទានអតិថិជនកើនដល់៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណ៣,៨លានគណនី។ រីឯប្រាក់បញ្ញើ បានកើនឡើងដល់៤៧,៩ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៨,៦ លានគណនី។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងចាត់ទុកការអភិវឌ្ឍន៍ ក្នុងវិស័យធនាគារនៅរយៈពេលចុងក្រោយនេះ បញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោកបញ្ជាក់ថា “វិស័យធនាគារ ជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានតាមច្បាប់កម្ពុជា ក៏ដូចជា ក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយ ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន”។
លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យធនាគារបានពើបប្រទះកត្តាប្រឈម និងឧបសគ្គជាច្រើនរួមមាន៖ វិបត្តិសេដ្ឋកិច្ចនៅអាស៊ី វិបត្តិហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាម រុស្សី និងអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និង អតិផរណាជាដើម។
លោក រ័ត្ន សោភ័ណបានបញ្ជាក់ថា ទោះជួបឧបសគ្គ ដំណើរការរបស់សមាគមពោរពេញ ទៅដោយភាពជឿជាក់ ភាពរឹងមាំ ក្នុងការចូលរួមចំណែករក្សានូវ សិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ៕