តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃពុធនេះ ខណៈ ក្រុមពាណិជ្ជករ បានសម្រុកទិញមាស ដែលជាទ្រព្យវិនិយោគដ៏មានសុវត្ថិភាព ស្របពេលដែល ភាពតានតឹងនៅឯតំបន់មជ្ឈិមបូព៌ាកំពុងឡើងកំដៅ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់២២៨២,១៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៧ភាគរយដល់២៣០៣,៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៥នាទីព្រឹក។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីសុក្រសប្តាហ៍មុន បានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៣ភាគរយ នៅក្នុងខែកុម្ភៈ ដែលស្របតាមការព្យាករណ៍ទុករបស់ក្រុមសេដ្ឋវិទូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed)  បានមានប្រសាសន៍ឱ្យដឹងថា “ទិន្នន័យអតិផរណានៅក្នុងខែកុម្ភៈ គឺកាន់តែដូចអ្វី ដែលយើងចង់ឃើញ”។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “តម្រូវការមាសកើនឡើង ស្របពេលដែលភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងឡើងកំដៅ ក្រោយពីអុីស្រាអែលបានបើកការវាយប្រហារទៅលើស្ថានទូតអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ខណៈអុីរ៉ង់ បានប្តេជ្ញា សងសឹកចំពោះ ការ វាយប្រហារនេះ”។

កំដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងថ្លៃ បើទោះបីជាប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃនាពេលថ្មីៗនេះ យ៉ាងណាក្តី។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះ ក្នុងខែមីនា ខណៈការបញ្ជាទិញថ្មីបានកើនឡើង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ការណ៍នេះបានជះផលប៉ះពាល់ដល់ទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៥៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៧៦ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៥ភាគរយដល់២៦,២៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៦៦ភាគរយដល់៩២៤,៧៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៨ភាគរយដល់១០០២,៨២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here