ការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញត្រូវបាន បើកដំណើរការ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរបានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ ដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់ សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពល ក្នុងការវិនិយោគ និងទំនុកចិត្ត”។ លោកបន្ថែមថា “ទន្ទឹមនឹងនេះ ការិយាល័យនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា  ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួង -ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងតែជាចំណុចគន្លឹះ ដែលបម្រើដល់ការវិនិយោគ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង សួរ បានបន្តថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយ ដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិត ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here