រដ្ឋាភិបាលបន្តលើកលែងពន្ឋលើវិស័យអប់រំរហូតដល់ដំណាច់ឆ្នាំ២០២៨

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់​ មិនថាគ្រឹះស្ថានសិក្សាសាធាណៈជន និងឯកជនទេ ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មតេយ្យ ដល់ឧត្តមសិក្សា​ គឺទទួលបានការលើកទឹកចិត្តពន្ធដារ​។

ការលើកចិត្តនេះ ក៏រដ្ឋផ្តល់ឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេ​កទេស និងវិជ្ជាជីវៈផងដែរ។

លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សា នឹងរួចផុតពីកាតព្វកិច្ចបង់ពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរាមា។ ជាមួយគ្នានេះ ការផ្គត់ផ្គង់សេវាអប់រំ ​និងការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មផ្សេងៗទៀត ដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស​​ និស្សិត ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់ មិនជាប់អាករលើតម្លៃបន្ថែម(VAT ១០ភាគរយ)ឡើយ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក អាករលើធាតុចូលលើទំនិញ ឬសេវាដែលបានទិញដោយគ្រឹះស្ថានសិក្សា សម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាអប់រំ គឺមិនត្រូវបានអនុញ្ញាតជាឥទាន អាករលើធាតុចូលទេ ក៏ប៉ុន្តែរដ្ឋអនុញ្ញាតឱ្យកាត់កងជាចំណាយបាន។ លើសពីនេះ អ្នករកស៊ីក្នុងវិស័យអប់រំ ក៏រួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការទូទាត់ ដូចជា សេវានានរួមទាំងសេវាគ្រប់គ្រង ឬពិគ្រោះយោបល ឬសេវាប្រហាក់ប្រហែល។

ជាពិសេសម្ចាស់គ្រឹះស្ថានសិក្សា គឺរួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ។ ចំពោះការលើកលែងពន្ធកាត់ទុកនេះ  គ្រឹះស្ថានសិក្សាត្រូវមានវិក្កយបត្រ ចេញដោយអ្នកផ្គត់ផ្គង់ និងមានឯកសារបញ្ជាក់ពីការទូទាត់ ដោយត្រូវកត់ត្រាជារៀងរាល់ខែ តាមទម្រង់រដ្ឋបាលសារពើពន្ធបានកំណត់។

ដើម្បីទទួលបានការលើកទឹកចិត្ត ពន្ធដារខាងលើនេះ គ្រឹះស្ថានសិក្សាត្រូវចុះបញ្ជីពន្ធដារ នៅរដ្ឋបាលសារពើពន្ធ, ដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។​ គ្រឹះស្ថានសិក្សា ត្រូវកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ នូវរបាយការណ៍សវនកម្មឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី៤០០០លានរៀល។

ប្រកាសរបស់លោកឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែលបានបញ្ជាក់ថា ការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យអប់រំនេះ គឺធ្វើឡើងរហូតដល់ដំណាច់ឆ្នាំ២០២៨។  ហេតុដូច្នេះ គ្រឹះស្ថានសិក្សានីមួយៗត្រូវបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធលើប្រាក់បៀវត្ស ពន្ធអចលនទ្រព្យ ពន្ធប៉ាតង់ និងពន្ធអាករដទៃទៀតស្របតាមច្បាប់​ និងលិខិបទដ្ឋានគតិយុត្តពន្ធដារជាធរមាន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here