កម្ពុជាប្រកាសដាក់ឲ្យអនុវត្តន៍នូវ “ការផ្តួចផ្តើមក្រុមអឺរ៉ុប”ជាមួយផែនការជាច្រើន

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជាមកពីស្ថាប័នពាក់ព័ន្ឋ បានចូលរួមប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវ “ការផ្តួចផ្តើមក្រុមអឺរ៉ុប-Team Europe Initiatives” ដោយយន្តការនេះបានដាក់ចេញកម្មវិធីជាច្រើន។

កិច្ចពិភាក្សានេះ ត្រូវបានដឹកនាំដោយ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកភាពជាដៃគូអន្តរជាតិ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងសហភាពអឺរ៉ុបនិងដៃគូអឺរុប រួមមាន៖ ប្រទេសបារាំង, អាល្លឺម៉ង់, ស៊ុយអែត, សាធារណរដ្ឋឆែក និងប្រទេសហុងគ្រី។

គោលដៅចម្បង នៃកិច្ចពិភាក្សានេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងជាការផ្លាស់ប្តូរយោបល់លើទិសដៅ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងក្រុមអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសជាសមាជិក) និងរាជរដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក៏មានកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ពាក់កណ្តាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុប សម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧ និងពិភាក្សាលើ “ការផ្តួចផ្តើមក្រុមអឺរ៉ុប” និងកម្មវិធីអាទិភាព ក្នុងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប ក្រោមសហប្រធានដឹកនាំដោយ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោក Peteris Ustubs អគ្គនាយកទទួលបន្ទុកភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុបផងដែរ។

ក្នុងជំនួបពិភាក្សាទាំងពីរខាងលើ បានដាក់ឱ្យអនុវត្តនូវ “ការផ្តួចផ្តើមក្រុមអឺរ៉ុប” ចំនួនពីរសម្រាប់កម្ពុជា ទី១ -កសិធុរកិច្ចបៃតង និងការងារសមរម្យ (Green Agribusiness and Decent Jobs) និងទី២-រោងចក្របៃតង និងការងារសមរម្យ (Green Factories and Decent Jobs) ដែលការផ្តួចផ្តើមទាំងនេះ គឺផ្តល់នូវក្របខណ្ឌមួយដើម្បីធ្វើការរួមគ្នា ឆ្ពោះទៅកាន់គោលបំណងរួមគ្នា នៃគោលនយោ​បាយជាអាទិភាពរបស់សហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសសម្រាប់វិស័យធុរកិច្ច រោងចក្របៃតង និងការងារសមរម្យប្រកបដោយចីរភាព។

ម្យ៉ាងទៀត ការផ្តួចផ្តើមក្រុមអឺរ៉ុបចំនួនពីរខាងលើ នឹងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃ ប្រកបដោយចីរភាព និងបានធ្វើសមាហរណកម្មផលិតផលកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិជាមួយនឹងការអភិវឌ្ឍជំនាញ ការគាំទ្រពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ ការផ្តួចផ្តើមក្រុមអឺរ៉ុបទាំងពីរ រួមចំណែកក្នុងការអនុវត្តវិស័យអាទិភាពទាំងប្រាំមួយ រួមមានទី១-រដ្ឋាភិបាល និងគណនេ​យ្យភាពប្រជាធិបតេយ្យ ទី២-ការចូលរួមប្រជាធិបតេយ្យ ទី៣-ការអភិវឌ្ឍន៍ធនធានមនុស្ស ទី៤-ភាពប្រកួតប្រជែងជាសកល និងក្នុងតំបន់ ទី៥-ការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព និងទី៦-ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា។

ក្នុងកិច្ចប្រជុំខាងលើ ក៏បានគូសបញ្ជាក់ផងដែរ អំពីការអនុវត្តកម្មវិធីអាទិភាពចំនួន ៣ ក្រោមក្របខណ្ឌ នៃច្រកទ្វារសកល(Global Gateway) ដែលជាយុទ្ធសាស្ត្រសកលរបស់អឺរ៉ុប សម្រាប់ការវិនិយោគឆ្លាតវៃ រួមមាន ទី១-កម្មវិធីផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទី២-កម្មវិធីសុខភាពតែមួយ និងទី៣- កម្មវិធីអប់រំសម្រាប់ការងារបៃតង និងការងារឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here