ខេត្តព្រះសីហនុត្រៀមស្វាគមន៍រផងចក្រកែច្នៃផ្លែឈើតម្លៃជាង ១២លានដុល្លារអាមេរិក

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ក្រុមហ៊ុន Haoruidar (Cambodia) Co.,Ltd គ្រោ​ង​បោះទុន ​ក្នុងទំហំទឹកប្រាក់ជាង១២​លាន​ដុល្លារ ​វិនិយោគ​សាងសង់ រោងចក្រ​កែច្នៃ​ផ្លែឈើ ​ដើម្បី​នាំចេញ ជា​​ពិសេស​ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូលទិញ​នូវ​ផ្លែឈើ​ពី​ប្រជាកសិករ ​ដើម្បី​យកមក​កែច្នៃ​ផងដែរ​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសា​សន៍ឲ្យដឹង​ថា នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Haoruidar (Cambodia) ដែលមានទុនវិនិយោគជាង១២,៣លានដុល្លារ លើ​រោងចក្រ​កែច្នៃ​ផ្លែឈើ (​ស្វាយ​, ម្នាស់​, ខ្នុរ​, ទុរេន​) នៅ​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

លោក​ប្រាប់ថា “​ការវិនិយោគ​របស់​ក្រុមហ៊ុន ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​ជា​គម្រោង​វិ​និ​យោគ​ដែល​ប្រមូល​ទិញ​ផលិតផល​ក្នុងស្រុក​ទាំងអស់​”។ លោកបន្តថា “ដូច្នេះ​ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូលទិញ​ផ្លែ​ខ្នុរ ស្វាយ ម្នាស់ និង​ទុរេន​ពី​ក្នុងស្រុក​ទាំងអស់ គឺ​ពុំបាន​នាំ​ចូល​ដើម្បី​យកមក​កែច្នៃ​ឡើយ​”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ថែមថា ​គម្រោង​រោងចក្រ​កែច្នៃ​ផ្លែឈើ​នេះ គឺ​មិន​ត្រឹមតែ​ចូលរួមចំណែក​ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត ​តាមរយៈ​ការបង្កើត​តម្លៃបន្ថែម ការ​​នាំចូល​នូវ​បច្ចេកវិទ្យា​ទំនើបៗ ការបង្កើត​ការងារ ជាពិសេស​បង្កើត​ទីផ្សារ ​ដល់​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​រួម​​ចំណែក​ក្នុង​ការជំរុញ​ផលិតកម្ម​ ក្នុង​ស្រុកលើ​វិស័យ​កែច្នៃ​នេះ ​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេងបាន​និយាយថា ការ​វិនិយោគ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ ​នៅ​កម្ពុ​ជាមាន​វិសាលភាព​ធំ​ ដែល​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន ​ក្នុងការ​វិ​និ​យោគ​លើ​ការដំឡើង​រោងចក្រ​កែច្នៃ​ ក្នុងការ​ផ្គត់ផ្គង់​ក្នុងស្រុក ​ក៏ដូចជា ​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ស្រប​ពេលដែល​ប្រទេស​កម្ពុ​ជាមាន​អំណោយ​ផល​ខ្ពស់​លើ​វិស័យ​កសិកម្ម​។​

លោក​បញ្ជាក់ថា “​យើង​ស្វាគមន៍​ការ​​វិនិយោគ ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ​ផ្លែឈើ ដោយសារតែ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​សម្រាប់​លទ្ធភាព​កែច្នៃ គឺ​យើង​នៅមានកម្រិត​នៅឡើយ”​។លោកបន្ថែមថា “ដូច្នេះ​ការវិនិយោគ​លើ​វិស័យ​កែច្នៃ​ចំណីអាហារ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែ​លវា​បានផ្តល់​តម្លៃបន្ថែម​ក្នុងស្រុក រក្សា​លំនឹង​ទីផ្សារ​កសិផល ក៏​ដូច​ជា ​បង្កើន​សមត្ថភាព​នៃ​វិស័យ​កែច្នៃ​ចំ​​ណី​អាហារ​នេះ​ផងដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here