វិភាគៈ ហ្វីលីពីន និងចិនប្រឈមមុខដាក់គ្នានៅតំបន់ប្រជុំកោះNansha

        ដោយៈ យិន លាងគង់

        អន្តរជាតិៈ

កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ។

ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ៤៤០៧ របស់ភាគីហ្វីលីពីនមិនអើពើនឹងការព្រមានម្តងហើយ ម្តងទៀតរបស់ភាគីចិន ទៅខិតជិតនឹងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិន បានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីសម្រេចបាននូវគោលបំណង ដែលចង់ទន្ទ្រានកាន់កាប់កោះ និងថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់មធ្យោបាយយ៉ាងហោចណាស់ចំនួនបីដូចជា ទី១ ប្រឌិតរឿងក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើភាគីចិន ។ ជាក់ស្តែងនៅពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូក និងនាវាចម្បាំងបំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិនជាញឹកញាប់ ដោយបង្ករឿងហេតុ ចំពោះប្រទេសចិនឥតឈប់ឈរ។

ដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ វាបានមួលបង្កាច់វិធានការគាំពារសិទ្ធិដ៏សមហេតុផល និងត្រឹមត្រូវរបស់ចិន ទៅជា “ការបណ្តេញដោយអំពើហិង្សា” និង“រំខានដល់អ្នកនេសាទហ្វីលីពីនធ្វើការ ”ជាដើម ដើម្បីក្លែងពុតជាជនរងគ្រោះ ។

បន្ទាប់ពីភាគីចិនប្រកាសវីដេអូ អំពីសភាពការណ៍នៅហ្នឹងកន្លែង ពិភពលោក ក៏កាន់តែឃើញច្បាស់ថា ប្រទេសធំឬតូចមិនមែនជាស្តង់ដារសម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃបានទាំងស្រុងទេ ។

ទី២ ហ្វីលីពីនចង់បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរនយោបាយ ក្នុងការចរចាជាមួយចិន។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីន បានអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ដែលដាក់បញ្ចូលកោះ Huangyan កោះ និងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធរបស់ចិន នៅក្នុងតំបន់សមុទ្ររបស់ហ្វីលីពីន ដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តី ដោយខុសច្បាប់ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈការតាក់តែងច្បាប់ក្នុងស្រុក ។

មូលហេតុសំខាន់ ដែលភាគីហ្វីលីពីនបានលើកឡើង គឺកោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន។ តែប្រការនេះ វាគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ដីគោកគ្រប់គ្រងសមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាន នៃច្បាប់សមុទ្រអន្តរជាតិ។

យោងតាមការកំណត់នៃ “អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ” ប្រទេសតាមឆ្នេរសមុទ្រ អាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសចម្ងាយ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញអធិបតេយ្យភាពទឹកដី ដែលមានស្រាប់តាំងពីបូរាណកាល មករបស់ប្រទេសដទៃទៀតទេ ។

ទី៣ ឃុបឃិតគ្នាជាមួយប្រទេសផ្សេងទៀត បង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង ។ ចាប់ពីបានឡើងកាន់មុខតំណែងកាលពីខែមិថុនាឆ្នាំ២០២២មក រដ្ឋាភិបាលហ្វីលីពីនអាណត្តិថ្មី បានប្រា​ស្រ័យទាក់ទងជាញឹកញាប់ ជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យការទូតនិងការពារសន្តិសុខ ។

មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តល់ការការពារខាងសន្តិសុខដល់ហ្វីលីពីន ដោយអនុលោមតាម “អនុសញ្ញាស្តីពីការការពាររួមគ្នារបស់អាមេរិកនិងហ្វីលីពីន”។

តាមការពិត នេះជានុយបញ្ឆោតក្នុងគោលបំណង នាំឱ្យភាគីហ្វីលីពីន ក្លាយជាទ័ពស្រួច ក្នុងការធ្វើបដិបក្ខគ្នាជាមួយនឹងចិន ដើម្បីញុះញង់បំបែកបំបាក់ ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង ។

សន្តិភាព និងកិច្ចសហប្រតិបត្តិការ ជាសំឡេងរួមរបស់ប្រទេសក្នុងតំបន់ ។ ភាគីហ្វីលីពីន គួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគី ដែលបូករួមទាំងប្រទេសជិតខាង។

លោកAnwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្ត្រាលីលើកនេះថា “យើងជាប្រ​ទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ប្រទេសធំណាមួយទេ យើងនិងប្រទេសចិនគ្មានបញ្ហាអីទេ” ។

ភាគីហ្វីលីពីនក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហ្វីលីពីន បានគ្រវីទង់ជួយស្រែកបន្ទរ ដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសង ដែលចាក់ភ្នាល់អ្វីទាំងអស់មួយលើក។មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយជាអុក ដែលត្រូវគេបោះបង់ចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here