តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធនេះ ខណៈដែលមានការព្រួយបារម្ភអំពីកំណើនតម្រូវការប្រេងនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៣សេនដល់៨១,៩១ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១១សេនមកនៅត្រឹម៧៨,០៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យថ្មីៗនេះបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ គ្រប់ខ្សែចក្ខុទាំងអស់នឹងផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈពេលដែលលោកនឹងត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ អ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប(ECB) និងទិន្នន័យការងាររបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៣,៨២ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃពុធនេះ ដោយសារការធ្លាក់ថ្លៃចុះនៃផ្សារហ៊ុន របស់ ប្រទេសចិន ខណៈ កង្វះវិធានការ ជំរុញ ពី សំណាក់ទីក្រុង ប៉េកាំង បាន ធ្វើ ឲ្យ វិនិយោគិន មួយ ចំនួន មានការខក ចិត្តជាខ្លាំង។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,២១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៧៣ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៩៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here