ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Mark Zandi ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុនវាយតម្លៃឥណទាន Moody’s Analytics បានអះអាងថា អតិផរណារបស់សហរដ្ឋអាមេរិក នឹងត្រលប់ទៅគោលដៅ ដែលកំណត់ដោយធនាគារ Federal Reserve នៅចុងឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន តាមអ៊ីនធឺណិត លោក Zandi បានលើកឡើងថា “អតិផរណារបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ ដោយសមហេតុផល និងដោយសន្សឹមៗ ស្របពេលឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិនៅប្រទេសអ៊ុយក្រែនកំពុងថយចុះ”។
លោក Zandi បានបន្តថា ភាពខុសគ្នាដ៏ធំតែមួយគត់រវាងអត្រាអតិផរណាបច្ចុប្បន្ន និងគោលដៅរបស់ធនាគារ កណ្តាលអាមេរិក (Fed) គឺកំណើនថ្លៃចំណាយលើសេវាកម្មលំនៅដ្ឋាន។
លោក Zandi លើកឡើងថា “ដំណឹងល្អនោះគឺ កំណើននេះត្រូវបានផ្សារភ្ជាប់ ទៅនឹងការជួលអចលនទ្រព្យនៅលើទីផ្សារ ដែលបានដាំក្បាលចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ហើយនឹងបន្តដាំក្បាលចុះសម្រា ប់ឆ្នាំខាងមុខ ដោយសារកំណើននៃការផ្គត់ផ្គង់ អចលនទ្រព្យពហុគ្រួសារ(Multi-family property)”។
សេដ្ឋវិទូរូបនេះបានមានប្រសាសន៍ឱ្យដឹងទៀតថា “ការបញ្ចប់ការសាងសង់កាន់តែច្រើន ជំរុញឱ្យអត្រាទុកទំនេរចោលកើនឡើង និងដាក់សម្ពាធ ឱ្យការជួលនៅក្នុងទីផ្សារអាផាតម៉ិនថយចុះ ហើយ វានឹងបង្ហាញឱ្យយើងឃើញកាន់តែច្បាស់នៅក្នុងឆ្នាំខាងមុខ”។
លោក Zandi បានបន្ថែមថា វិបត្តិបរិត្តផរណានៅក្នុងប្រទេសចិនក៏កំពុងធ្វើឱ្យតម្លៃទំនិញ នាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ថយចុះផងដែរ ដែលការណ៍នេះនាំឱ្យអត្រាអតិផរណាធ្លាក់ចុះ”។
ធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់នៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំ ចន្លោះពី៥,២៥ភាគរយទៅ៥,៥ភាគរយចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជំរុញអតិផរណាឱ្យធ្លាក់ចុះ។
ដូច្នេះ ប្រសិនបើអតិផរណានៅសហរដ្ឋអាមេរិក អាចធ្លាក់ចុះ ឬកាន់តែខិតជិតទៅដល់គោលដៅ២ភាគរយ របស់ធនាគារ Fed នោះវាក៏ជាសញ្ញាដ៏ល្អមួយ ដែលបើកផ្លូវឱ្យធនាគារកណ្តាលអាមេរិក អាចបញ្ចុះអត្រាការប្រាក់ផងដែរ៕