ការនាំចេញ​កម្ពុជា​នឹង​កើនឡើង៧.៣% និង​វិនិយោគ​កើន២៣.៤%ក្រោយពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​លោក​ចូល​ជា​ធរមាន

ដោយៈ​លក្ខិណា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ការនាំចេញ​របស់​ម្ពុ​ជា នឹង​កើនឡើង​គិត​ជា​កំណើន​ប្រចាំឆ្នាំ​ចំនួន៧.៣% វិនិយោគ​ចំនួន២៣.៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (ផសស) កើន​ចំនួន​ប្រមាណ ២% លើ​ផសស​ដែលមាន​បច្ចុប្បន្ន ក្រោយពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់(អា​សិប)ចូល​ជា​ធរមាន។

លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ស្តីពី កិច្ចព្រមព្រៀង​អា​សិប តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​អា​សិប​ទាំង១៥ និង​អគ្គលេខា ធិ​ការ​អាស៊ាន ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​នូវ​អាណត្តិ​ផ្តល់ឱ្យ​រដ្ឋមន្ត្រី​អា​សិប កាលពី​កិច្ច ប្រជុំ​កំពូល​លើក​ទី៣ និង​ធ្វើជា​សក្ខីភាព​នៅក្នុង​ពិធី​ចុះ​ហត្ថ លេខា​កិច្ចព្រមព្រៀង​អា​សិប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រមុខ​ដឹកនាំ​អា​សិប បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋមន្ត្រី និង​អ្នកចរចា​អា​សិប​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល៨ឆ្នាំ កន្លងមកនេះ និង​សម្រេចបាន​នូវ​អាណត្តិ ដែល​បាន​ផ្តល់ឱ្យ​កាលពី​កិច្ចប្រជុំ កំពូល​អា​សិប​លើក​ទី៣ ឆ្នាំ២០១៩ កន្លងទៅ។

សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល បានប្រគល់​សិទ្ធិ​ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ។ ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ ជា​សមិទ្ធិផល​ដ៏​មាន​សារសំខាន់ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​គាំពារ និង​លើកកម្ពស់​សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់ ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន ស្របតាម​គោលការណ៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌។

កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ អា​សិប ក៏​ដើរតួនាទី​ជា​កាតាលីករ​មួយ​ផងដែរ ក្នុងការ​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន​នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ស្តារ​សង្គម-សេដ្ឋកិច្ច​តំបន់​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ បានបញ្ចប់។

ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អា​សិប​នាពេលនេះ បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ៖ (១) ប្រជាជន​ប្រមាណ២.២ពាន់​លាន​នាក់ ឬ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ២៦.២ទ្រី​លាន ដុល្លារ​អាមេរិក ឬ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង(៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (ផ្អែកលើ​ទិន្នន័យ​ឆ្នាំ២០១៩) ។

សម្រាប់​កម្ពុជា ផ្អែក​តាម​លទ្ធផល​នៃ​ការចរចា និង​ការសិក្សា​របស់​វិទ្យាស្ថាន​ERIA បាន​បង្ហាញថា ក្រោយពី​កិច្ចព្រមព្រៀង​អា​សិប​នេះ​ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការនាំចេញ​របស់​ម្ពុ​ជា​នឹង​កើនឡើង​ចំនួន៧.៣% វិនិយោគ​ចំនួន២៣.៤%និង​ផលិតផល​ក្នុងស្រុក​សរុប (ផសស) កើន​ចំនួន​ប្រមាណ២% លើ ផសស ដែលមាន​បច្ចុប្បន្ន។

ប្រមុខ​ដឹកនាំ​អា​សិប​បាន​លើកទឹកចិត្ត ឱ្យ​ប្រទេស​ជា​សមាជិក​ព​ន្លឿ​ន​ការបញ្ចប់​នីតិវិធី​ក្នុងស្រុក ក្នុង​ការផ្តល់​សច្ចាប័ន ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជា​ធរមាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សំដៅ​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ អាច​ប្រើប្រាស់ និង​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​អា​សិប​នេះ។ ប្រមុខ​ដឹកនាំ​អា​សិប​ក៏បាន​បញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប នៅតែ​បើកចំហ​ទទួល​ស្វាគ មន៍​ភាគី​ឥណ្ឌា​ជានិច្ច នាពេល​អនាគត​ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here