ទីផ្សារការិយាល័យពាណិជ្ជកម្មនៅក្នុងប្រទេសចិន កំពុងឆ្ពោះទៅរកនិន្នាការប្រភេទអតិថិជនថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទាក់ទាញបាន អតិថិជនដែលនិយមតថ្លៃ កាន់តែច្រើននៅឆ្នាំនេះ បន្ទាប់ពីតម្លៃអចលនទ្រព្យប្រភេទពាណិជ្ជកម្ម ត្រូវបានបញ្ចុះយ៉ាងខ្លាំង ខណៈការផ្គត់ផ្គង់កើនឡើង។

យោង​តាមក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers International Group បានអះអាងថា​ តម្លៃ​ការិយាល័យ​ថ្លៃៗ នៅ​ក្នុង​ទីក្រុង​ធំៗ​ មួយ​ចំនួន​របស់​ប្រទេសចិន បាន​ធ្លាក់​ចុះ​អស់ប្រហែល៣០% បើប្រៀបធៀបនឹងកម្រិត​មុន​ការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក Jimmy Gu នាយករងគ្រប់គ្រង និងជាសហប្រធានទីផ្សារមូលធន និងសេវាកម្មវិនិយោគនៅក្រុមហ៊ុន Colliers បានលើកឡើងថា “ដោយសារតែតម្លៃការិយាល័យ បានដាំក្បាលចុះ បានធ្វើឲ្យ អតិថិជនមានឱកាសច្រើន ក្នុងការតថ្លៃ ហើយវាអាស្រ័យលើទស្សនវិស័យរបស់អ្នកទិញចំពោះសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ការិយាល័យកម្រិត A នៅទីក្រុងសៀងហៃ និងប៉េកាំង ធ្លាប់តែមានតម្រូវការខ្ពស់ និងមានភាពទាក់ទាញជាងការិយាល័យនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារការិយាល័យនៅទីក្រុងទាំង២ បានជៀសផុតបញ្ហាប្រឈម ដូចជាការកើនឡើងអត្រាការប្រាក់ និងបរិបទនៃការធ្វើការងារពីផ្ទះ។

ទោះជាយ៉ាងនេះក្តី វិនិយោគិនបាននិងកំពុងលក់ទ្រព្យសកម្មបែបនេះចេញ ខណៈទស្សនវិស័យសម្រាប់សេដ្ឋកិច្ចចិន និងការផ្គត់ផ្គង់លើសតម្រូវការ កំពុងជះផលប៉ះពាល់ទៅលើ វិស័យអចលនទ្រព្យទាំងមូល។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Colliers បង្ហាញថា ការិយា​ល័យប្រណីតថ្លៃៗ (Prime offices) នៅទីក្រុងប៉េកាំង និងទីក្រុងសៀងហ ត្រូវបានជួញដូរក្នុងអត្រាមូលធននីយកម្ម ប្រហែល៥% កាលពីត្រីមាសទី៤ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេលជាង១ទសវត្សរ៍។

អត្រាមូលធននីយកម្ម ដែលហៅជាភាសាអង់គ្លេសថា(capitalisation rates) គឺជាអត្រាដែលជួយក្នុងការវាយតម្លៃ ការវិនិយោគលើអចលនទ្រព្យ ហើយអត្រាមូលធននីយកម្ម បង្ហាញពីអត្រាផលចំណេញត្រឡប់មកវិញ ពីការវិនិយោគលើអចលនទ្រព្យ។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាមូលធននីយកម្ម ជាធម្មតា បង្ហាញឱ្យឃើញពីការធ្លាក់ចុះ នៃតម្លៃអចលនទ្រព្យ៕ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានBloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here