តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ បន្ទាប់ពី លោក Christopher Waller  អភិបាលធនាគារ Fed បានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងត្រូវបានពន្យារពេលយ៉ាងហោចណាស់២ខែទៀត។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៥សេន ឬ០,៣ភាគរយ មកនៅត្រឹម៨២,៤២ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0212 GMT ខណៈដែលតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២៥សេន ឬ០,៣ភាគរយ មកនៅត្រឹម៧៨,៣៦ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ និងការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក នៅក្នុងសភានៅដើមខែមីនាខាងមុខ។

យោងតាមទិន្នន័យបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ នៅពេលពួកគេគ្មានការងារធ្វើ បានធ្លាក់ចុះ ដោយមិននឹកស្មានដល់ កាលពីសប្តាហ៍មុន ដែលទិន្នន័យនេះបង្ហាញថា កំណើនការងារនឹងនៅតែមានភាពរឹងមាំនៅក្នុងខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅក្នុងសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,៣ភាគរយ មកនៅត្រឹម១០៣,៩១ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយបន្ថែមទៀតអំពីការកំណត់គោលនយោបាយអត្រាការប្រាក់របស់អាមេរិក។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន NARUHITO ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៧ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤ភាគរយនៅពេលបើកការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៦៦ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here