កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេរភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកអាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជុំ សន្ទរីបានចាត់ទុកការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយ ទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដំបូង នៃកិច្ចពិគ្រោះយោបល់ទ្វេរភាគី ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះផងដែរ។

លោករដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសសម្តែងនូវការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់     កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោស  សម្អាតមីន និងវិស័យសុខាភិបាល។

ដោយកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរណ៍ កាណាដាមកកាន់ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ លោករដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធ ស្ថានកុងស៊ុលកិត្តិយសកាណាដា ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និងបានសម្តែងនូវការជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

លោកជុំ សុន្ទរី ក៏បានបញ្ជាក់ជូនភាគីកាណាដាផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំ និងសម្របសម្រួល ជាមួយក្រសួ​ង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវសេចក្តីសម្រេចនានា រវាងភាគីទាំងពីរ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាខាងលើនេះ លោកឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និង ឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here