តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ខណៈដែលអ្នកវិនិយោគបានងាកទៅផ្តោតលើការចេញផ្សាយនាទីនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥ភាគរយដល់២០២៧,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៨ភាគរយដល់២០៣៩,៨ដុល្លារ ក្នុងមួយអោន។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងបន្តមើលឃើញនូវលទ្ធភាពដែល ធនាគារ Fed នឹងបន្ទាបអត្រាការប្រាក់នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលនឹងក្លាយជាកត្តាជំរុញសម្រាប់ទីផ្សារមាស”។

ប៉ុន្តែ លោក David Meger បានបន្ថែមថា “នាទីនៃកិច្ចប្រជុំរបស់ធនាគារ Fed នឹងគូសបញ្ជាក់ឡើងវិញថា ការកាត់បន្ថយអត្រាការប្រាក់នឹងត្រូវបានពន្យារពេលរហូតដល់ខែឧសភា ឬខែមិថុនាខាងមុខ ដែលការណ៍នេះនឹងមិនជួយជំរុញទីផ្សារមាសនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់ត្រឹមតែ២,៩%។

ចំណែក សន្ទស្សន៍តម្លៃអ្នកផលិត (Producer price) របស់សហរដ្ឋអាមេរិក បានកើនឡើង០,៣% កាលពីខែមករា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍ ដែលស្ថិតក្នុងរង្វង់០,១%។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាទាំង២ ខាងលើនេះ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៨ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះយ៉ាងគំហុក មកនៅត្រឹម១០៤,០៥ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២ភាគរយ ដល់២៣,០៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦ភាគរយដល់៩០៤,១៥ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង២,៨%ដល់៩៨០,១៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here