តើទំហំពាណិជ្ជកម្មរបស់ពិភពលោក នឹងស្ថិតក្នុងស្ថានភាពបែបណាក្នុងឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានសេដ្ឋវិទូលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោក គ្រោងបន្ទាបការព្យាករណ៍ កំណើនពាណិជ្ជកម្មសកលសម្រាប់ឆ្នាំ២០២៤ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនសូវអំណោយផល និងផលប៉ះពាល់ពីការរំខាន ដល់ការដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ (Suez)។

អង្គការ WTO បានធ្វើការព្យាករណ៍ កាលពីខែតុលាកន្លងទៅថា ទំហំពាណិជ្ជកម្មសកល នឹងសម្រេចបានកំណើន០,៨% សម្រាប់ឆ្នាំ២០២៣ និងកំណើន៣,៣% សម្រាប់ឆ្នាំ២០២៤។

ប៉ុន្តែនៅពេលនេះ អង្គការ WTO ជឿជាក់ថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះ ត្រូវបានគំរាមកំហែង ដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជា ការរំខានការដឹកជញ្ជូន នៅព្រែកជីកស៊ុយអេ ដោយសារការវាយប្រហារដោយក្រុមឧទ្ទាម Houthi មកលើនាវាដឹកទំនិញនៅសមុទ្រក្រហម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ralph Ossa ប្រធានសេដ្ឋវិទូ WTO បានប្រាប់សារពត៌មាន Reuters ថា ការព្យាករណ៍កំណើនពាណិជ្ជកម្មសកល កាលពីលើកមុន ហាក់ដូចជាមានសុទិដ្ឋិនិយមខ្ពស់ហួសហេតុពេក។

លោកបញ្ជាក់ថា “អង្គការ WTO នឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពថ្មី ក្នុងរយៈពេលប្រហែល២ខែខាងមុខ”។

លោក Ossa បានអះអាងថា ទំហំពាណិជ្ជកម្មសកលបានធ្លាក់ចុះ១,៤% នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ប៉ុន្តែទំហំពាណិជ្ជកម្មសកលនៅត្រីមាសទី៤ អាចមានភាពរឹងមាំជាងត្រីមាសទី៣បន្តិច។

ទំហំពាណិជ្ជកម្មសកល បានកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលទស្សវត្សរ៍កន្លងមកនេះ ប៉ុន្តែលើកលែងតែឆ្នាំ២០២០ប៉ុណ្ណោះ ដែលជាឆ្នាំដ៏លំបាកបំផុត ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្រាប់ឆ្នាំ២០២៤ លោក Ossa បានមានប្រសាសន៍ថា អង្គការអន្តរជាតិមួយចំនួន បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ពួកគេ ដែលការណ៍នេះ អាចជះឥទ្ធិពលលើការព្យាករណ៍កំណើ នពាណិជ្ជកម្មផ្ទាល់របស់អង្គការ WTOផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានក្រើនរំលឹកថា កំណើនពាណិជ្ជកម្មសកល នៅឆ្នាំ២០២៤នេះ នឹងនៅតែមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here