លោកហុង សុហួរៈ អ្នកបើកគណនីជួញដូរថ្មីនៅផ្សារហ៊ុន បន្តកើនឡើង

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ជាមួយនឹងការងាកចេញពីការវិនិយោគផ្សេងៗ ទីផ្សារហ៊ុនកម្ពុជា កាន់តែមានភាពសកម្មជាងមុន ដោយចំនួនអ្នកបើកគណ​នីជួញដូរមានការកើនឡើងជាបន្តបន្ទាប់។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារហ៊ុនកម្ពុជាលោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា គិតត្រឹមចុងឆ្នាំ២០២៣ ចំនួនគណនីជួញដូរនៅផ្សារហ៊ុនកម្ពុជាបានកើនឡើងដល់៤៩,០០០គណនី ហើយជាមធ្យមមានការចុះឈ្មោះជួញដូរថ្មី កើនឡើង១០០០នាក់រៀងរាល់ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទំហំទឹកប្រាក់ជួញដូរមានចំនួន១០ ទៅ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈក្រុមហ៊ុនបោះផ្សាយលក់ មូលបត្រមានចំនួន១១ក្រុមហ៊ុន”។ លោកបន្តថា “នាពេលកន្លងមក ការវិនិយោគលើភាគហ៊ុនមានផលចំណេញប្រសើរ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគមានភាពរហ័សរហួន ក្នុងការតាមដានស្ថានភាពទីផ្សារ និងស្ថានភាពនៃការប្រែប្រួលសេដ្ឋកិច្ចពិភពលោកផងដែរ”។

លោកហុង សុហួរបានបន្តថា ប្រសិនជាយើងមើលទៅប្រទេសជិតខាង ដែលវិស័យមូលបត្ររីកចម្រើន វិស័យនេះ និងវិស័យអច​លនទ្រព្យ មានភាពត្រដំត្រសងគ្នា ដោយពេលខ្លះវិស័យអចលនទ្រព្យចំណេញជាង ប៉ុន្តែពេលខ្លះវិស័យមូលបត្រ មានភាពចំណេញជាង ដោយសារតែទីផ្សាររបស់គេធំ។

លោកបន្តថា សម្រាប់បរិបទនៅកម្ពុជា ដោយសារតែទីផ្សារយើងតូច និងទំហំជួញដូរនៅមានកម្រិត ទើបផលចំណេញពីវិស័យមូលបត្រមានផលចំណេញនៅមានកម្រិត ប៉ុន្តែនៅពេលខាងមុខ នៅ ពេលមានក្រុមហ៊ុនចុះបញ្ជីរកាន់តែច្រើន មានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកាន់តែច្រើន ពិសេសវិនិយោគិនបរទេស ចាប់ផ្តើមវិនិយោគលើទីផ្សារហ៊ុនរបស់យើង ពេលនោះហើយទីផ្សារមូលបត្ររបស់យើងនឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here