មន្ត្រីជាន់ខ្ពស់: ឆ្នាំ២០២៤នេះនឹងក្លាយជាឆ្នាំដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឧបនាយករដ្ឋមន្រ្ដីសិង្ហបុរីលោក Lawrence Wong បានថ្លែងថា ប្រទេសសិង្ហបុរីមានសុទិដ្ឋិនិយម ចំពោះឆ្នាំ២០២៤ ដោយរំពឹងថា ខ្លួននឹងសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ចន្លោះពី១ ទៅដល់៣ភាគរយ។

លោក Lawrence Wong បានថ្លែង ខណៈពេលកំពុងបង្ហាញច្បាប់ថវិកាឆ្នាំ២០២៤ ទៅកាន់សភាយ៉ាងដូច្នេះថា ស្របពេលបរិ​យាកាសអន្តរជាតិមានបញ្ហា និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានកើនឡើង១,១ភាគរយ កាលពីឆ្នាំមុន និងបានជៀសផុតពីវិបត្តិសេដ្ឋកិច្ចថែមទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានកត់សម្គាល់ថា ទស្សនវិស័យសកលសម្រាប់ឆ្នាំ២០២៤ មានភាពចម្រុះ ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗនឹងមានភាពធន់ ស្របពេលដែលហានិភ័យភូមិសាស្ត្រនយោបាយ នៅតែបន្តឡើងកំដៅ និងអាចនាំឱ្យមានការរំខាន នៅក្នុងទីផ្សារថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់។

ទន្ទឹមនឹងនេះ អតិផរណានៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំ២០២៤នេះ ហើយឧស្សាហកម្មអេឡិចត្រូនិកនឹងស្ទុះងើបឡើងវិញ។  នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានXinhua។

លោក Wong បានបញ្ជាក់ថា ប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងបន្តក្លាយជាកត្តាជំរុញដ៏សំខាន់ របស់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលោកកត់សម្គា​ល់ថា ឆ្នាំ២០២៤នេះ នឹងក្លាយជាឆ្នាំដ៏ល្អប្រសើរសម្រាប់សិង្ហបុរី។

លោកឧបនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា “ទោះបីជាយើងរំពឹងថា ស្ថានភាពនឹងប្រសើរឡើង នៅឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែទស្សនវិស័យនៅតែមានភាពមិនច្បាស់លាស់ ខណៈរដ្ឋាភិបាលនឹងត្រូវបញ្ចេញថវិកាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលមានចំណូលទាប”។

លោក​បាន​បន្ថែមថា “រដ្ឋាភិបាល​គ្រោងនឹង​ផ្តល់​ប័ណ្ណ​ទិញ​ទំនិញ ប្រាក់​ឧបត្ថម្ភធន​លើថ្លៃថាមពល និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​រស់​នៅ​ផ្សេង​ទៀត​ដល់​ប្រជាជន ដែលមាន​ចំណូល​ទាប​នៅ​ឆ្នាំ​នេះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ​នៃ​អតិផរណា​ទៅលើ​គ្រួសាររបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here