តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះតិចតួច ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែនៅស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងនៅក្នុងប្រទេសចិន។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៨សេនមកនៅត្រឹម៨៣,៤៨ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0133 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) សម្រាប់ចែកចាយនៅខែមេសា បានធ្លាក់ចុះ១០សេន មកនៅត្រឹម៧៨,៣៦ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់ត្រឹមតែ២,៩%។

ចំណែក សន្ទស្សន៍តម្លៃអ្នកផលិត (Producer price) របស់សហរដ្ឋអាមេរិក បានកើនឡើង០,៣% កាលពីខែមករា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍ ដែលស្ថិតក្នុងរង្វង់០,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាទាំង២ ខាងលើនេះ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៧ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃអង្គារនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃ០,០៣ភាគរយ ដល់១០៤,៣៣ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈដែលការកាត់បន្ថយអត្រាការប្រាក់នៅក្នុងប្រទេសចិនមិនបានធ្វើឱ្យអ្នកវិនិយោគមានសុទិដ្ឋិនិយមនោះទេ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយធនាគារកណ្តាលចិន បានបង្ហាញថា អត្រាការប្រាក់លើកម្ចីគោលរយៈពេលប្រាំឆ្នាំ ត្រូវបានកាត់បន្ថយចំនួន២៥ពិន្ទុមូលដ្ឋានមកនៅត្រឹម៣,៩៥%។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១០ភាគរយ។ ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,០៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here