តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលទីផ្សារបានពិចារណាយ៉ាងល្អិតល្អន់ទៅលើមតិយោបល់ពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក ដែលបានចង្អុលបង្ហាញពីជំហរអត់ធ្មត់បន្ថែមទៀតទាក់ទងទៅនឹងការកាត់បន្ថយអត្រាការប្រាក់។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥៨សេន ឬ០,៦៩ភាគរយ មកនៅត្រឹម៨២,៨៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៥សេន ឬ០,៤៥ភាគរយ មកនៅត្រឹម៧៨,៨៤ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0138 GMT។

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់ត្រឹមតែ២,៩%។

ចំណែក សន្ទស្សន៍តម្លៃអ្នកផលិត (Producer price) របស់សហរដ្ឋអាមេរិក បានកើនឡើង០,៣% កាលពីខែមករា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍ ដែលស្ថិតក្នុងរង្វង់០,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាទាំង២ ខាងលើនេះ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៥៨ភាគរយ មកនៅត្រឹម១០៤,១៤ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈដែលសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ហើយការជួញដូរផ្សារហ៊ុននៅក្នុងប្រទេសចិនក៏បានបើកដំណើរការឡើងវិញផងដែរ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ ពី បានងើបឡើង ថ្លៃ ២ ភាគ រយ កាល ពី សប្តាហ៍ មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានស្ថិតនៅទ្រឹង បន្ទាប់ ពី បានងើបឡើង ថ្លៃ ជាង៤ភាគ រយ កាល ពី សប្តាហ៍ មុន ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះជាង១ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ១,១០ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here