ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះកាលពីសប្តាហ៍មុន ស្របពេលដែលកំណើនអតិផរណារបស់សហរដ្ឋអាមេរិកក្នុងខែមករា បានជះផលអវិជ្ជមានទៅលើទស្សនៈវិស័យអត្រាការប្រាក់។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៥ភាគរយដល់២០១២,៨៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់២០២៤,១ដុល្លារ ក្នុងមួយអោន។
យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់ត្រឹមតែ២,៩%។
ចំណែក សន្ទស្សន៍តម្លៃអ្នកផលិត (Producer price) របស់សហរដ្ឋអាមេរិក បានកើនឡើង០,៣% កាលពីខែមករា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍ ដែលស្ថិតក្នុងរង្វង់០,១%។
បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាទាំង២ ខាងលើនេះ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
នៅថ្ងៃច័ន្ទនេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៥៨ភាគរយ មកនៅត្រឹម១០៤,១៤ពិន្ទុ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង២,១៦ភាគរយ ដល់២៣,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៨៩ភាគរយដល់៩០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ០,៩៦%មកនៅត្រឹម៩៣២ដុល្លារក្នុងមួយអោន៕