ធនាគារហត្ថាប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួនជាមួយវឌ្ឍនភាព និងវិបុលភាព

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ធនាគារហត្ថា បានប្រារព្ធអបអរខួប៣០ឆ្នាំ នៃវឌ្ឍនភាព និងវិបុលភាព ជាមួយនឹងពិធីលៀងសាយភោជន៍ ដ៏មនោរម្យកាលពីចុងសប្តាហ៍មុន។

កម្មវិធីនេះ មានការចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ ពីធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជនដ៏មានតម្លៃ ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងឡាយ  ដើម្បីបង្ហាញអំពីការដឹងគុណ ព្រមទាំងអបអរនូវសមិទ្ធផលរបស់ធនាគារ កន្លងមក។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិMUFG។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដ៏មានតម្លៃ សាធារណជន ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ភាគទុនិក វិនិយោគិន និងបុគ្គលិកទាំងអស់ ចំពោះបន្តការគាំទ្រជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ហត្ថា ដែលជាកត្តាដ៏សំខាន់ ក្នុងការជំរុញការរីកលូតលាស់ ភាពជោគជ័យ និង រឹងមាំរបស់ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសខួបលើកទី៣០ឆ្នាំរបស់ខ្លួន ធនាគារហត្ថាបានផ្តល់ការឧបត្ថម្ភទឹកប្រាក់៤០លានរៀល ដល់អង្គការរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។

ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ធនាគារហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាព និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។

លោកឧកញ៉ា ហួត អៀងតុងបានបន្តថា “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្រសកម្មភាព និងបេស​កកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិតសុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជា ពីគ្រប់ស្រទាប់ ​​​វណ្ណៈ។​

លោកឧកញ៉ាបានបញ្ជាក់ថា “យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ ក្លាយជាទំពាំងស្នងឬស្សីប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here