ទេសាភិបាលធនាគារជាតិនៃកម្ពុជាចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាភិបាលស៊ាសិន

        ដោយៈ គង់ ម៉ាលីនណា

        ឥណ្ឌាៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបា​លនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) លើកទី៤៣ នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា។

អង្គប្រជុំបានពិនិត្យមើលលទ្ធផល ដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅក្នុងឆ្នាំ២០២៣ និងបានដាក់ចេញនូវផែនការសកម្ម ភាពសម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមានការអនុម័ត លើគម្រោងថវិកា ការអនុវត្តកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវ និងការងារអាទិភាពផ្សេងៗមួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធានប្តូរវេននៃមជ្ឈមណ្ឌលស៊ាសិន និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិក។

បណ្តាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ជាសមាជិកមជ្ឈមណ្ឌលស៊ាសិនបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា  សម្រាប់ការបំពេញតួនាទីជាប្រធា​នប្រកបដោយប្រសិទ្ធភាព។

នាឆ្នាំ២០២៤ នេះ ធនាគារកណ្តាលឥណ្ឌា ធ្វើជាប្រធានប្តូរវេន មជ្ឈមណ្ឌលស៊ាសិន ហើយនៅឆ្នាំ២០២៥ ធនាគារកណ្តាលកូរ៉េនឹងបន្តធ្វើជាប្រធាន។

មជ្ឈមណ្ឌលស៊ាសិនមានសមាជិក ជាធនាគារកណ្តាលនិងអាជ្ញាធររូបិយវត្ថុចំនួន១៩ ដែលរួមមាន ព្រុយណេ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ប៉ាពួអាស៊ីនូវែលហ្គីណេ ចិនតៃប៉ិ ថៃ និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here